ជន‌គណនា 5

5
ក្រឹត្យ‌វិន័យ​អំពី​មនុស្ស​មិន​បរិសុទ្ធ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​បង្គាប់​ឲ្យ​ពួក​អ៊ីស្រា‌អែល​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​សារ​ប៉ះពាល់​សាក​សព ចេញ​ពី​ជំរំ 3ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ទាំង​ប្រុស ទាំង​ស្រី គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំរំ​របស់​គេ ជា​ទី​ដែល​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ»។ 4កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ គឺ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​តាម។
ការ​លន់​តួ​អំពើ​បាប និង​ការ​សង​របស់​ទៅ​ម្ចាស់​ដើម​វិញ
5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 6«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​បុរស ឬ​ស្រី​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់ ដោយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា អ្នក​នោះ​មាន​ទោស 7ហើយ​ត្រូវ​លន់‌តួ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​នោះ​ត្រូវ​ប្រគល់​សំណង​ទាំង​មូល​សម្រាប់​អំពើ​ទុច្ចរិត​នោះ ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ទៅ​ឲ្យ​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ។ 8ប្រសិន‌បើ​ភាគី​រង​គ្រោះ​គ្មាន​ញាតិ​សន្ដាន​នឹង​ទទួល​សំណង ដែល​គេ​យក​មក​សង​ដើម្បី​អំពើ​បាប​នោះ​ទេ នោះ​សំណង​ដែល​ស្នង​នឹង​ទោស​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​ពួក​សង្ឃ​វិញ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ​ថែម​ទៀត​ជា​តង្វាយ​លោះ​បាប គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ភាគី​ដែល​មាន​ទោស។ 9រាល់​អំណោយ​បរិសុទ្ធ​ទាំង​អស់​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ជូន​សង្ឃ អំណោយ​នោះ​នឹង​បាន​ជា​របស់​គាត់។ 10អំណោយ​បរិសុទ្ធ​ពី​គ្រប់​របស់​ទាំង​អស់​ត្រូវ​តែ​ជា​របស់​ខ្លួន តែ​របស់​ណា​ដែល​គេ​ជូន​ដល់​សង្ឃ​ហើយ នោះ​នឹង​បាន​ជា​របស់​សង្ឃ»។
ក្រឹត្យ‌វិន័យ​អំពី​ប្រពន្ធ​មិន​ស្មោះ​ត្រង់
11ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 12«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ក្បត់​ចិត្ត មិន​ស្មោះ​ត្រង់​នឹង​ខ្លួន 13ប្រសិន‌បើ​បុរស​ណា​រួម​ដំណេក​ជា‌មួយ​នាង តែ​អំពើ​នោះ​លួច​លាក់​នឹង​ប្តី គឺ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ឥត​មាន​អ្នក​ណា​ដឹង ហើយ​គ្មាន​អ្នក​ណា​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​ទាន់ 14រួច​បើ​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​ចិត្ត​សង្ស័យ ហើយ​នាង​ក៏​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​មែន ឬ​បើ​ប្តី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​ចិត្ត​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង 15នោះ​ប្តី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ជួប​សង្ឃ ទាំង​យក​តង្វាយ​ជា​ម្សៅ​ឱក​មួយ​តៅ​សម្រាប់​នាង​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ ទុក​ជា​តង្វាយ​រំឭក សម្រាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក។ 16បន្ទាប់​មក សង្ឃ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 17សង្ឃ​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ថូ​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ។ 18សង្ឃ​ត្រូវ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រាយ​សក់​របស់​នាង ហើយ​ដាក់​តង្វាយ​រំឭក គឺ​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​របស់​នាង។ សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នៅ​ក្នុង​ដៃ។ 19បន្ទាប់​មក សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា "ប្រសិន‌បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​ជា‌មួយ​នាង ហើយ​ប្រសិន‌បើ​នាង​មិន​បាន​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ក្នុង​កាល​ដែល​នាង​នៅ​ក្រោម​អំណាច​របស់​ប្តី​ទេ នោះ​សូម​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នេះ​ចុះ។ 20ប៉ុន្តែ ប្រសិន‌បើ​នាង​បែរ​ជា​ក្បត់​ចិត្ត ក្នុង​កាល​ដែល​នាង​នៅ​ក្រោម​អំណាច​របស់​ប្តី គឺ​ប្រសិន‌បើ​នាង​ធ្វើ​ខ្លួន​នាង​សៅហ្មង ដោយ​រួម​ដំណេក​ជា‌មួយ​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្តី​របស់​ខ្លួន 21(យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា រួច​ពោល​ទៅ​ស្ត្រី​នោះ​ថា) សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំណៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង។ 22សូម​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នេះ ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​រលួយ!" ឯ​ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា "អាម៉ែន! អាម៉ែន!" 23បន្ទាប់​មក ត្រូវ​ឲ្យ​សង្ឃ​នោះ​សរសេរ​បណ្ដា‌សា​ទាំង​នេះ​ទុក​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​នោះ​មក​លុប​ចេញ។ 24សង្ឃ​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា ហើយ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ហើយ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់។ 25សង្ឃ​ត្រូវ​យក​តង្វាយ​នៃ​ការ​ប្រចណ្ឌ​ពី​ដៃ​របស់​ស្ត្រី​នោះ ហើយ​លើក​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​យក​តង្វាយ​នោះ​ទៅ​ដាក់​លើ​អាស‌នា។ 26សង្ឃ​ត្រូវ​យក​ម្សៅ​ពី​តង្វាយ​នោះ​មួយ​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក ហើយ​ដុត​នៅ​លើ​អាស‌នា បន្ទាប់​មក ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​នោះ។ 27ក្រោយ​ពី​បាន​ឲ្យ​នាង​ផឹក​ទឹក​នោះ​រួច​ហើយ ប្រសិន‌បើ​នាង​ពិត​ជា​សៅ‌ហ្មង ដោយ​បាន​ក្បត់​ចិត្ត​ប្តី​របស់​ខ្លួន​មែន នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​ចូល​ទៅ​ក្នុង​នាង នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ពោះ​នាង​នឹង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ ហើយ​ស្ត្រី​នោះ​នឹង​ទៅ​ជា​អ្នក​រង​ដំណៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន។ 28ប៉ុន្តែ ប្រសិន‌បើ​ស្ត្រី​នោះ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​ស្អាត​បរិសុទ្ធ នោះ​នាង​នឹង​បាន​រួច ហើយ​នឹង​មាន​កូន។ 29នេះ​ហើយ​ជា​ច្បាប់​អំពី​ការ​ប្រចណ្ឌ ក្នុង​ករណី​ដែល​ប្រពន្ធ​នៅ​ក្រោម​អំណាច​ប្តី ហើយ​ក្បត់​ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង 30ឬ​បើ​បុរស​ណា​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​សង្ស័យ​នឹង​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​នាំ​ស្ត្រី​នោះ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​សង្ឃ​ត្រូវ​អនុវត្ត​តាម​ច្បាប់​នេះ​ទាំង​ស្រុង​ចំពោះ​នាង។ 31បុរស​នោះ​នឹង​គ្មាន​ទោស​អ្វី​ទេ តែ​ឯ​ស្ត្រី​នោះ​វិញ​នឹង​ទទួល​ទោស​តាម​អំពើ​របស់​ខ្លួន»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល