ក្នុងពេលដែលញែកខ្លួនជាអ្នកណាសារីត គេញែកខ្លួនជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប ហើយមួយទៀតជាតង្វាយដុត ដើម្បីធ្វើពិធីរំដោះអ្នកនោះឲ្យរួចពីបាប ព្រោះគេមានកំហុសដោយសារតែសាកសព។ គេត្រូវញែកសក់របស់ខ្លួនជាបរិសុទ្ធនៅថ្ងៃនោះឯង ត្រូវញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាសាជាថ្មី ហើយត្រូវយកកូនចៀមអាយុមួយខួប មកថ្វាយជាតង្វាយលើកលែងទោស ដ្បិតពេលមុនត្រូវទុកជាអាសាបង់ ព្រោះសក់ដែលបានញែកជាបរិសុទ្ធនោះបានសៅហ្មងហើយ។ នេះជាវិន័យរបស់អ្នកណាសារីត ក្នុងវេលាដែលការញែកខ្លួនជាបរិសុទ្ធនោះផុតកំណត់ គេត្រូវនាំអ្នកនោះមកកាន់ទ្វារចូលត្រសាលជំនុំ ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយដុត និងកូនចៀមញីមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយលោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយជាតង្វាយមេត្រី ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។ សង្ឃត្រូវយកតង្វាយទាំងនោះ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។ ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។ សង្ឃត្រូវយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែមួយពីក្នុងកញ្រ្ចែង ព្រមទាំងនំក្រៀបឥតដំបែមួយ មកដាក់ក្នុងដៃរបស់អ្នកណាសារីតនោះ ក្រោយដែលគេបានកោរសក់ដែលបានញែកជាបរិសុទ្ធចេញហើយ។ បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។ នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា "សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។ គេត្រូវប្រកាសឈ្មោះយើងលើកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយយើងនឹងឲ្យពរគេ»។
អាន ជនគណនា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 6:8-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ