ជនគណនា 6:8-27

ជនគណនា 6:8-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ពេល​ដែល​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា។ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​សៅ​ហ្មង​ដល់​សក់​ដែល​បាន​ញែក​ជាបរិសុទ្ធ នោះ​គេ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ឲ្យ​សង្ឃ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ សង្ឃ​ត្រូវ​ថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​ទៀត​ជា​តង្វាយ​ដុត ដើម្បី​ធ្វើ​ពិធី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​គេ​មាន​កំហុស​ដោយ​សារ​តែ​សាក​សព។ គេ​ត្រូវ​ញែក​សក់​របស់​ខ្លួន​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​សា​ជា​ថ្មី ហើយ​ត្រូវ​យក​កូន​ចៀម​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លើក​លែង​ទោស ដ្បិត​ពេល​មុន​ត្រូវ​ទុក​ជា​អាសា​បង់ ព្រោះ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ​បាន​សៅ‌ហ្មង​ហើយ។ នេះ​ជា​វិន័យ​របស់​អ្នក​ណា‌សារីត ក្នុង​វេលា​ដែល​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ​នោះ​ផុត​កំណត់ គេ​ត្រូវ​នាំ​អ្នក​នោះ​មក​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត និង​កូន​ចៀម​ញី​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​តង្វាយ​មេត្រី ហើយ​យក​កញ្ច្រែង​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ជា‌មួយ​ប្រេង នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​មក​ជា‌មួយ​ផង។ សង្ឃ​ត្រូវ​យក​តង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ហើយ​សង្ឃ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​អម​ជា‌មួយ​ដែរ។ ពេល​នោះ អ្នក​ណា‌សារីត​ត្រូវ​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​កោរ​ចេញ​ពី​ការ​ញែក​ជា​បរិសុទ្ធ​នោះ ទៅ​ដាក់​ក្នុង​ភ្លើង​ដែល​ឆេះ នៅ​ក្រោម​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី។ សង្ឃ​ត្រូវ​យក​ស្មា​ចៀម​ដែល​ស្ងោរ​ឆ្អិន​ហើយ និង​នំ​ឥត​ដំបែ​មួយ​ពី​ក្នុង​កញ្រ្ចែង ព្រម​ទាំង​នំ​ក្រៀប​ឥត​ដំបែ​មួយ មក​ដាក់​ក្នុង​ដៃ​របស់​អ្នក​ណា‌សារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ចេញ​ហើយ។ បន្ទាប់​មក សង្ឃ​ត្រូវ​គ្រវី​តង្វាយ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ តង្វាយ​ទាំង​នេះ​ជា​ចំណែក​មួយ​ដ៏​បរិសុទ្ធ​សម្រាប់​សង្ឃ រួម​ទាំង​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​នោះ​ផង។ បន្ទាប់​មក ទើប​អ្នក​ណាសារីត​នោះ​អាច​បរិ‌ភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​របស់​គាត់​ថា នេះ​ជា​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ អ្នក​ត្រូវ​ពោល​ទៅ​កាន់​គេ​ថា "សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​អ្នក និង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក សូម​ព្រះ‌យេហូវ៉ា​ងើប​ព្រះ​នេត្រ​មក​លើ​អ្នក ហើយ​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត"។ គេ​ត្រូវ​ប្រកាស​ឈ្មោះ​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​យើង​នឹង​ឲ្យ​ពរ​គេ»។

ចែក​រំលែក
អាន ជនគណនា 6

ជនគណនា 6:8-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​អំឡុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​នោះ គេ​ញែក​ខ្លួន​ជា​វិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ក្បែរ​គាត់ ទោះ​បី​គាត់​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ក្ដី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​បូជា‌ចារ្យ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​យក​សត្វ​មួយ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ អ្នក​ណាសា‌រីត​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។ គាត់​ត្រូវ​ចាប់​ផ្ដើម​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើក‌លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា‌បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​កាល​ពី​មុន​នោះ។ រីឯ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ណាសា‌រីត ​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ច្រួច​លើ​យញ្ញ‌បូជា មក​ជា​មួយ​ផង។ បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។ លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ថែម​ពី​លើ​ល្អី​នំប៉័ង​ឥត​មេ។ បូជា‌ចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​ដែរ។ ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​ស្ថិត​នៅ​ពី​ក្រោម​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព។ បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចម្អិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​បាន។ នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ‌ភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ក្រឹត្យ‌វិន័យ​សម្រាប់​ពួក​ណាសា‌រីត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​ជូន​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក។ សូម​ព្រះ‌អម្ចាស់​ទត​មក​អ្នក ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា សូម​ព្រះអង្គ​ប្រណី​សន្ដោស​អ្នក។ សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អ្នក និង​ប្រទាន​ឲ្យ​អ្នក បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត”។ ពេល​ពួក​បូជា‌ចារ្យ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​ឲ្យ​ពរ​ពួក​គេ»។

ចែក​រំលែក
អាន ជនគណនា 6

ជនគណនា 6:8-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ នោះ​តែង​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧ រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ហើយ​១​ទៀត​ជា​ដង្វាយ​ដុត ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​នោះ ដោយ​ព្រោះ​កំហុស​ដែល​បាន​ធ្វើ​ពី​ដំណើរ​ខ្មោច​ស្លាប់​នោះ ព្រម​ទាំង​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង រួច​ត្រូវ​ឲ្យ​អ្នក​នោះ​បន់​កំណត់​ពេល​វេលា ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ថ្មី​ទៀត ហើយ​ត្រូវ​យក​កូន​ចៀម អាយុ​១​ខួប មក​សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​ការ​រំលង ដ្បិត​ថ្ងៃ​មុន​ទាំង​ប៉ុន្មាន​បាន​សាប‌សូន្យ​ហើយ ពី​ព្រោះ​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ខ្លួន​ហើយ។ នេះ​ជា​ច្បាប់​នៃ​ពួក​ន៉ាសារីត ក្នុង​កាល​ដែល​កំណត់​ញែក​ខ្លួន​ចេញ​នោះ​បាន​សំរេច​ហើយ ត្រូវ​ឲ្យ​នាំ​អ្នក​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​ដង្វាយ​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ​អាយុ​១​ខួប​សំរាប់​ជា​ដង្វាយ​ដុត នឹង​កូន​ចៀម​ញី​១​ឥត​ខ្ចោះ​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​មេត្រី នឹង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ទាំង​អស់ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ ក៏​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​ដែរ នោះ​អ្នក​ន៉ាសារីត​ត្រូវ​កោរ​សក់​នៃ​ការ​ញែក​ខ្លួន​ចេញ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​ទុក​ក្នុង​វេលា​ញែក​ខ្លួន​ចេញ​នោះ ទៅ​ដាក់​លើ​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ត្រូវ​ឲ្យ​សង្ឃ​យក​ស្មា​ចៀម ដែល​ស្ងោរ​ឆ្អិន​ហើយ នឹង​នំ​ឥត​ដំបែ​១​ពី​ក្នុង​កញ្ច្រែង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​១ មក​ដាក់​នៅ​ដៃ​នៃ​អ្នក​ន៉ាសារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ហើយ រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ​សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី នឹង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។ នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​ពួក​ន៉ាសារីត ដែល​បាន​បន់​បំណន់ ហើយ​ខាង​ឯ​ដង្វាយ ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ការ​ញែក​ខ្លួន​ចេញ ក្រៅ​ពី​ដង្វាយ​ណា​ដែល​គេ​យក​មក​បាន តាម​បំណន់​ដែល​គេ​បន់​នោះ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ចេញ។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​អើរ៉ុន​នឹង​ពួក​កូន​លោក​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដោយ​ពាក្យ​យ៉ាង​នេះ គឺ​ត្រូវ​ពោល​នឹង​គេ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ងើប​ព្រះ‌នេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្ដី​សុខ គឺ​យ៉ាង​ដូច្នោះ​ដែល​ត្រូវ​ដាក់​ឈ្មោះ​អញ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​អញ​នឹង​ឲ្យ​ពរ​ដល់​គេ។

ចែក​រំលែក
អាន ជនគណនា 6