សុភា‌សិត 11:16-31

សុភា‌សិត 11:16-31 គកស១៦

ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ តែង​រក​បាន​កិត្តិ‌យស [រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។ បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ] តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។ មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់​លាប់។ ចំណែក​សេចក្ដី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។ អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។ ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។ ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ ប្រៀប​ដូច​ជា​ក្រវិល​មាស ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។ មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។ អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។ អ្នក​ណា​ដែល​ទី​ពឹង​លើ​ទ្រព្យ​សម្បត្តិ​ខ្លួន នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។ អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មត៌ក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បម្រើ ដល់​មនុស្ស​មាន​ប្រាជ្ញា។ ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។ ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!

អាន សុភា‌សិត 11