សុភា‌សិត 15:18-33

សុភា‌សិត 15:18-33 គកស១៦

មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។ ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។ កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល​ងាយ​ម្តាយ​ខ្លួន​វិញ។ ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។ ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។ មនុស្ស​រមែង​មាន​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។ ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។ ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ព្រះ‌អង្គ​នឹង​តាំង​គោល​ចារឹក នៃ​ស្ត្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។ គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សម្ដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។ អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។ ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ ជា​សេចក្ដី​អាក្រក់​វិញ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។ ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។ ត្រចៀក​ណា​ដែល​ស្តាប់​តាម សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អា‌ស្រ័យ​នៅ​ជា​កណ្ដាល​ពួក​អ្នក​ប្រាជ្ញ។ អ្នក​ណា​ដែល​មិន​ព្រម​ទទួល សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

អាន សុភា‌សិត 15