សុភា‌សិត 16

16
1គំនិត​ដែល​ចាត់​ចែង​ក្នុង​ចិត្ត
នោះ​ស្រេច​នៅ​មនុស្ស
តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ
សម្រេច​ការ​នោះ​វិញ។
2គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស
សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន
តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​ថ្លឹង
អស់​ទាំង​ទឹក​ចិត្ត​វិញ។
3ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង
នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ
នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សម្រេច។
4ព្រះ‌យេហូវ៉ា​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់
ឲ្យ​សម​នឹង​ប្រ‌យោជន៍​នៃ​របស់​នោះ​ឯង
ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក
សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។
5អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ
នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា
ទោះ​បើ​ព្រួត​ដៃ​គ្នា
គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។
6ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត
ដោយ‌សារ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត
ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន
ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។
7កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា
ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ
បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។
8បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត
នោះ​វិសេស​ជាង​មាន​កម្រៃ​ច្រើន
តែ​មាន​អំពើ​ទុច្ចរិត​វិញ។
9ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន
តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​តម្រង់​ជំហាន​គេ​វិញ។
10មាន​ពាក្យ​ទំនាយ​នៅ​ព្រះ​រឹម​នៃ​ស្តេច
ហើយ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ
នឹង​មិន​សម្រេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។
11ជញ្ជីង និង​ត្រា‌ជូ​ត្រឹម​ត្រូវ
នោះ​ជា​របស់​ព្រះ‌យេហូវ៉ា
ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់
ក៏​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ​ដែរ។
12បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់
នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ
ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់
ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។
13ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់
ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច​ណាស់
ហើយ​ព្រះ‌អង្គ​ក៏​ស្រឡាញ់​ដល់​អ្នក​ណា
ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។
14សេចក្ដី​ក្រោធ​របស់​ស្តេច
ប្រៀប​ដូច​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​ស្លាប់
មនុស្ស​មាន​ប្រាជ្ញា
នឹង​ខំ​រម្ងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។
15កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ
នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ
ឯ​ព្រះ‌គុណ​ព្រះ‌អង្គ​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។
16ការ​ដែល​បាន​ប្រាជ្ញា
នោះ​វិសេស​ជាង​បាន​មាស​តើ​អម្បាល‌ម៉ាន​ទៅ
ការ​ដែល​បាន​យោបល់
នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។
17ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់
នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់
អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន
នោះ​ឈ្មោះ​ថា​ការ​ពារ​ព្រលឹង​ខ្លួន។
18សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស
ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។
19ការ​ដែល​មាន​ចិត្ត​សុភាព
ជា‌មួយ​ពួក​មនុស្ស​រាប​ទាប
នោះ​វិសេស​ជាង​ការ​ចែក​របឹប
ជា‌មួយ​មនុស្ស​អួត​អាង។
20អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី
នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក
ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
នោះ​សប្បាយ​ហើយ។
21ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា
នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត
ហើយ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់
ក៏​ចម្រើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។
22អ្នក​ណា​ដែល​មាន​យោបល់​ហើយ
យោបល់​នោះ​ឯង​ជា​រដ្ឋ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ
ហើយ​ការ​វាយ​ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ
គឺ​ជា​សេចក្ដី​ចម្កួត​របស់​ខ្លួន​គេ។
23ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា
នោះ​បង្រៀន​មាត់​របស់​ខ្លួន
ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់
មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។
24ពាក្យ​សម្ដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ
ក៏​ផ្អែម​ដល់​ព្រលឹង
ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។
25មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ
ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ
គឺ​ជា​សេចក្ដី​ស្លាប់។
26ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី
នោះ​ខំ​ធ្វើ​សម្រាប់​ខ្លួន​អ្នក​នោះ​ឯង
ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។
27មនុស្ស​ចោល‌ម្សៀត គេ​គិត​គូរ​បង្កើត​ការ​អាក្រក់
ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។
28មនុស្ស​វៀច​វេរ
គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា
ហើយ​អ្នក​បេះ‌បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្ត​សម្លាញ់
យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។
29មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង
ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។
30អ្នក​ណា​ធ្មេច​ភ្នែក អ្នក​នោះ​គិត​បង្កើត ការ​វៀច
អ្នក​ដែល​ខាំ​មាត់
អ្នក​នោះ​គិត​សម្រេច​ការ​អាក្រក់។
31ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត
នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។
32អ្នក​ណា​ដែល​យឺត​នឹង​ខឹង
នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង
ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន
ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ
យក​បាន​ទី​ក្រុង​ទៅ​ទៀត។
33មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ
ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា
នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល