សុភាសិត 2
2
តម្លៃនៃប្រាជ្ញា
1កូនអើយ បើឯងទទួលពាក្យយើង
ហើយប្រមូលពាក្យបណ្ដាំរបស់យើង
ទុកនៅជាប់នឹងឯង
2ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា
ហើយផ្ចង់ចិត្តឲ្យបានយោបល់
3អើ បើឯងស្រែកហៅរកតម្រិះ
ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់
4បើឯងខំរកដូចជារកប្រាក់
ហើយស្វែងរកដូចជារកកំណប់ទ្រព្យ
5នោះឯងនឹងបានយល់សេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ា
ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ។
6ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា
ឯតម្រិះនឹងយោបល់
នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
7ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍
សម្រាប់មនុស្សសុចរិត
ក៏ជាខែលដល់អស់អ្នក
ដែលដើរក្នុងសេចក្ដីទៀងត្រង់
8ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក
នៃសេចក្ដីយុត្តិធម៌
ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។
9យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត
សេចក្ដីយុត្តិធម៌
និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
10ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង
ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង
11គំនិតវាងវៃនឹងការពារឯង
ហើយយោបល់នឹងថែរក្សាឯង
12ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់
ហើយពីពួកមនុស្ស
ដែលតែងតែនិយាយពាក្យវៀច
13ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់
ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ
14ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់
ហើយត្រេកអរដោយចិត្តវៀច
របស់មនុស្សអាក្រក់។
15ផ្លូវគេសុទ្ធតែក្ងិចក្ងក់
ហើយផ្លូវច្រករបស់គេក៏ទាសចេញ
16ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ
គឺឲ្យរួចពីស្រីផិតក្បត់
ដែលប្រលោមដោយពាក្យផ្អែមល្ហែម
17ជាអ្នកដែលលះចោលគូសម្លាញ់
ដែលបានគ្នាពីក្រមុំកំលោះ
ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន
18ដ្បិតផ្ទះរបស់ស្ត្រីនោះ
ទ្រេតទៅខាងសេចក្ដីស្លាប់
ហើយផ្លូវច្រករបស់នាង
នាំទៅឯពួកមនុស្សស្លាប់។
19ឯពួកអ្នកដែលដែលទៅវា
នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ
ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។
20ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ
ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។
21ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី
ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់
22តែមនុស្សអាក្រក់នឹងត្រូវកាត់
ឲ្យសូន្យចេញពីផែនដីវិញ
ហើយមនុស្សប្រទូសរ៉ាយ
នឹងត្រូវរំលើងចេញពីស្រុកទៅ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies