សុភា‌សិត 21:17-31

សុភា‌សិត 21:17-31 គកស១៦

ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។ មនុស្ស​អាក្រក់​គេ​សម្រាប់​ជា​ថ្លៃ លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។ ស៊ូ​អា‌ស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា‌មួយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។ មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំ​នៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់។ អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។ ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។ អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្ដាត​ខ្លួន ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។ ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល​ងាយ និង​សេចក្ដី​អំនួត​ទទេ។ បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស រមែង​សម្លាប់​ខ្លួន ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។ មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន ឥត​សំចៃ​ឡើយ។ យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​គួរ​ខ្ពើម​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ សាក្សី​ក្លែង​ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ តែង​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ តែង​ពិចារណា​មើល ផ្លូវ​របស់​ខ្លួន។ គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។ គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។

អាន សុភា‌សិត 21