សុភាសិត 21:17-31
សុភាសិត 21:17-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯអ្នកណាដែលចូលចិត្តតែការលេងសប្បាយ នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសម្រាប់ជាថ្លៃ លោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់។ អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ នាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ និងសេចក្ដីអំនួតទទេ។ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។ យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។ សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។ មនុស្សដែលប្រព្រឹត្តអាក្រក់ តែងធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ តែងពិចារណាមើល ផ្លូវរបស់ខ្លួន។ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
សុភាសិត 21:17-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។ មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។ ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។ អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។ មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។ សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។ គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។
សុភាសិត 21:17-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្តិសព្ទ។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ នឹងសេចក្ដីអំនួតទទេ។ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មានគេដែលលោភលន់រាល់តែថ្ងៃជានិច្ច តែឯមនុស្សសុចរិតគេចែកចាយវិញ ឥតសំចៃទុកអ្វីឡើយ។ យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះនឹងគួរខ្ពើមជាជាងអំបាលម៉ានទៅទៀត។ សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។ មនុស្សដែលប្រព្រឹត្តអាក្រក់ គេធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ គេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវ។ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។