សុភា‌សិត 22:1-16

សុភា‌សិត 22:1-16 គកស១៦

កេរ្តិ៍​ឈ្មោះ​ល្អ គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ វិសេស​ជាង​ប្រាក់ និង​មាស​ផង។ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មកក៏​រត់​ពួន តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។ ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។ នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​នោះ។ ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។ អ្នក​មាន​តែង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។ អ្នក​ណា​ដែល​សាប‌ព្រោះ​អំពើ​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ នឹង​សាប​សូន្យ​ទៅ។ អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន ដល់​មនុស្ស​ទាល់​ក្រ។ ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល​ងាយ​ចេញ នឹង​លែង​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​ការ​ឈ្លោះ​ប្រកែក និង​ការ​ត្មះ‌តិះ​ដៀល​ក៏​ស្ងប់​ទៅ​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ ស្តេច​នឹង​សូម​អ្នក​នោះ​ធ្វើ​ជា​មិត្ត​សម្លាញ់។ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​តម្រិះ តែ​ព្រះ‌អង្គ​បំផ្លាញ​ពាក្យ​សម្ដី​របស់​មនុស្ស​ក្បត់​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​ពោល​ថា «មាន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ វា​នឹង​សម្លាប់​ខ្ញុំ​នៅ​កណ្ដាល​ផ្លូវ»។ មាត់​របស់​ស្រី​អាវ៉ាសែ ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។ សេចក្ដី​ចម្កួតរមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ រំពាត់​វាយ‌ផ្ចាល​នឹង​បណ្តេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន។ អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​ចម្រើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

អាន សុភា‌សិត 22