សុភាសិត 22:1-16

សុភាសិត 22:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កេរ្តិ៍​ឈ្មោះ​ល្អ គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ វិសេស​ជាង​ប្រាក់ និង​មាស​ផង។ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មកក៏​រត់​ពួន តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។ ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។ នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​នោះ។ ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។ អ្នក​មាន​តែង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។ អ្នក​ណា​ដែល​សាប‌ព្រោះ​អំពើ​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ នឹង​សាប​សូន្យ​ទៅ។ អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន ដល់​មនុស្ស​ទាល់​ក្រ។ ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល​ងាយ​ចេញ នឹង​លែង​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​ការ​ឈ្លោះ​ប្រកែក និង​ការ​ត្មះ‌តិះ​ដៀល​ក៏​ស្ងប់​ទៅ​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ ស្តេច​នឹង​សូម​អ្នក​នោះ​ធ្វើ​ជា​មិត្ត​សម្លាញ់។ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​តម្រិះ តែ​ព្រះ‌អង្គ​បំផ្លាញ​ពាក្យ​សម្ដី​របស់​មនុស្ស​ក្បត់​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​ពោល​ថា «មាន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ វា​នឹង​សម្លាប់​ខ្ញុំ​នៅ​កណ្ដាល​ផ្លូវ»។ មាត់​របស់​ស្រី​អាវ៉ាសែ ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។ សេចក្ដី​ចម្កួតរមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ រំពាត់​វាយ‌ផ្ចាល​នឹង​បណ្តេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន។ អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​ចម្រើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

ចែក​រំលែក
អាន សុភាសិត 22

សុភាសិត 22:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន​ប្រសើរ​ជាង​មាន​មាស​ប្រាក់។ អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។ កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។ មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។ ផ្លូវ​អសីលធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។ ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ចាស់។ អ្នក​មាន​តែងតែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។ អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។ មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។ បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជម្លោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយ លែង​មាន​ទៀត​ហើយ។ អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព​រាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ស្ដេច។ ព្រះ‌អម្ចាស់​តែងតែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះអង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។ មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។ ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។ ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។ ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

ចែក​រំលែក
អាន សុភាសិត 22

សុភាសិត 22:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ នោះ​វិសេស​ជាង​ប្រាក់នឹង​មាស​ផង។ ពួក​អ្នក​មាន នឹង​ពួក​អ្នក​ក្រ​តែង‌តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។ ផល​នៃ​សេចក្ដី​សុភាព នឹង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ នឹង​ជីវិត។ នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។ ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។ មនុស្ស​អ្នក​មាន​គេ​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។ អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្ដី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។ អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។ ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ​ខាង​ចិត្ត ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ នោះ​ស្តេច​នឹង​បាន​ជា​មិត្រ​សំឡាញ់​របស់​អ្នក​នោះ។ ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​ដំរិះ តែ​ទ្រង់​បំផ្លាញ​ពាក្យ​សំដី​របស់​មនុស្ស​ក្បត់​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សំឡាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។ មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។ សេចក្ដី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែរំពាត់​វាយ‌ផ្ចាល នឹង​បណ្តេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន។ អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

ចែក​រំលែក
អាន សុភាសិត 22