សុភាសិត 24
24
1កុំមានចិត្តច្រណែននឹងមនុស្សអាក្រក់ឡើយ
ក៏កុំឲ្យចង់ប្រាថ្នាទៅនៅជាមួយគេដែរ
2ដ្បិតចិត្តគេគិតគូរតែកាលសង្កត់សង្កិន
ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។
3ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា
និងដោយសារយោបល់
ដែលផ្ទះនោះបានតាំងនៅជាមាំមួន
4ហើយដោយសារតម្រិះ
នោះបន្ទប់ទាំងឡាយបានពេញ
ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស
ជារបស់ដែលគាប់ចិត្ត។
5មនុស្សមានប្រាជ្ញាមានកម្លាំងខ្លាំង
ហើយអ្នកដែលមានតម្រិះ
មានកម្លាំងកាន់តែខ្លាំងឡើង
6ដ្បិតដោយមានការជួយគំនិត
ដែលប្រកបដោយប្រាជ្ញា
នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន
ហើយដោយមានអ្នកប្រឹក្សាជាច្រើននោះ
ទើបបានជ័យជម្នះ។
7ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ
គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។
8អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់
នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។
9គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប
ហើយអ្នកដែលចំអកមើលងាយ
ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
10ប្រសិនបើឯងមិនក្លាហានក្នុងថ្ងៃលំបាក
បានសេចក្កីថាឯងមានកម្លាំងខ្សោយណាស់។
11ចូរជួយសង្គ្រោះពួកអ្នក
ដែលគេនាំទៅឲ្យត្រូវស្លាប់
ហើយរាំងរាពួកអ្នកដែលកំពុងតែទៅទីសម្លាប់ចុះ
12បើអ្នកថា «មើល៍! យើងមិនបានដឹងទេ»
តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត
និងជ្រាបទាំងអស់?
តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក
ក៏ស្គាល់អ្នកច្បាស់?
ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ
តាមការដែលគេប្រព្រឹត្តទេឬ?
13កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ
ដ្បិតជារបស់ឆ្ងាញ់
ហើយសំណុំឃ្មុំដែលមានរស់ផ្អែមដល់មាត់ឯង។
14គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ
ដល់ព្រលឹងឯងដែរ
បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់
ហើយសេចក្ដីសង្ឃឹមរបស់ឯង
នឹងមិនត្រូវកាត់បង់ឡើយ។
15នែ៎ មនុស្សអាក្រក់អើយ
កុំលបចាំប្រទូស្តនឹងលំនៅ
របស់មនុស្សសុចរិតឡើយ
កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
16ដ្បិតមនុស្សសុចរិត
ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ
គង់តែនឹងក្រោកឡើងវិញបាន
តែមនុស្សអាក្រក់ត្រូវទម្លាក់
ទៅក្នុងសេចក្ដីអន្តរាយវិញ។
17កុំឲ្យមានចិត្តរីករាយ
ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ
ក៏កុំឲ្យមានចិត្តសប្បាយ
ក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ
18ក្រែងព្រះយេហូវ៉ាទតឃើញ
ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ
រួចព្រះអង្គបង្វែរសេចក្ដីក្រោធចេញពីអ្នកនោះវិញ។
19កុំឲ្យក្តៅចិត្តដោយព្រោះមនុស្ស
ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ
20ដ្បិតនឹងគ្មានរង្វាន់ណា
ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ហើយចង្កៀងរបស់មនុស្សកោងកាច
នឹងត្រូវរលត់ទៅ។
21កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា
ហើយដល់ស្តេចផង
កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
22ដ្បិតសេចក្ដីអន្តរាយនឹងលោមកលើគេភ្លាម
តើអ្នកណានឹងអាចស្គាល់ការវិនាស
ដែលមកពីព្រះនឹងស្តេចនោះបាន?
ដំបូន្មានផ្សេងៗរបស់អ្នកប្រាជ្ញ
23សេចក្ដីទាំងនេះក៏ជាពាក្យពោលទុក
របស់ពួកអ្នកប្រាជ្ញាដែរ
គឺថាការដែលយោគយល់ខាងអ្នកណា
ក្នុងរឿងក្តី នោះមិនល្អទេ។
24អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា
«ឯងសុចរិតទេ»
នោះបណ្ដាជននឹងប្រទេចផ្ដាសាដល់អ្នកនោះ
ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ
25តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ
គេនឹងពេញចិត្តចំពោះអ្នកនោះ
ហើយនឹងមានពរយ៉ាងវិសេស
មកស្ថិតលើអ្នកនោះដែរ។
26អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ
នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។
27ចូរត្រៀមការឯងនៅខាងក្រៅចុះ
ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន
ទើបសង់ផ្ទះឯងឡើងជាក្រោយ។
28កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង
ដោយឥតហេតុឡើយ
ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ។
29កុំឲ្យពោលដូច្នេះឡើយថា
យើងនឹងប្រព្រឹត្តដល់គេ
ដូចជាគេបានប្រព្រឹត្តដល់យើងដែរ
យើងនឹងសង់ដល់អ្នកនោះតាមការ
ដែលគេបានប្រព្រឹត្តរួចហើយ។
30យើងបានដើរក្បែរចម្ការ
របស់មនុស្សខ្ជិលច្រអូស
ហើយក្បែរដំណាំទំពាំងបាយជូរ
របស់មនុស្សដែលឥតមានប្រាជ្ញា
31នោះឃើញថា មានបន្លាដុះគ្របពេញហើយ
ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល
ឯរបងក៏រលំដែរ។
32នោះយើងបានរំពឹងមើល
ហើយពិចារណាដោយល្អិត
យើងយល់ឃើញ
ហើយទទួលសេចក្ដីបង្រៀនថា
33ដេកបន្តិច ងោកបន្តិច
ឱបដៃសម្រាកបន្តិច
34យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង
និងលោមកដល់ដូចជាចោរប្លន់
ព្រមទាំងសេចក្ដីខ្វះខាត
ដូចជាមនុស្សកាន់គ្រឿងអាវុធផង។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies