សុភាសិត 5
5
ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្តី
1កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់យើង
ហើយផ្ទៀងត្រចៀកចំពោះយោបល់យើងដែរ
2ដើម្បីឲ្យឯងបានបម្រុងទុកនូវគំនិតវាងវៃ
ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវតម្រិះ។
3ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ
រមែងស្រក់ជាទឹកឃ្មុំ
ហើយមាត់របស់នាងរអិលជាងប្រេង
4ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង
ហើយមុតដូចជាដាវមានមុខពីរវិញ។
5ជើងវាដើរចុះទៅឯសេចក្ដីស្លាប់
ជំហានវាឈានទៅជាប់នៅ
ស្ថានឃុំព្រលឹងមនុស្សស្លាប់។
6អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល
ដើម្បីមិនឲ្យឯងអាចស្គាល់បាន
ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។
7ដូច្នេះ កូនទាំងឡាយអើយ
ចូរស្តាប់យើងឥឡូវចុះ
កុំឲ្យងាកចេញពីពាក្យ
ដែលមាត់យើងពោលឡើយ។
8ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ
កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
9ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ
ហើយអាយុឯងដល់ពួកសាហាវ។
10ក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯង
ហើយការនឿយលំបាករបស់ឯង
ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ
11រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ
ក្នុងកាលដែលសាច់ឈាម
ហើយខ្លួនប្រាណឯងរោយចុះទៅ
12ហើយឯងថា «អុញន៍ យើងបានស្អប់
សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎
ចិត្តយើងក៏បានខ្ពើមសេចក្ដីបន្ទោស
13ហើយយើងមិនបានស្តាប់តាម
សម្ដីនៃគ្រូរបស់យើង
ឬផ្ទៀងត្រចៀកចំពោះពួកអ្នក
ដែលរំឭកយើងផងដែរ។
14យើងស្ទើរតែនឹងចូលទៅក្នុង
អស់ទាំងអំពើអាក្រក់ហើយ
គឺនៅកណ្ដាលចំណោមមនុស្ស
និងក្រុមជំនុំផង»។
15ចូរផឹកទឹកពីពាងរបស់ខ្លួនឯង
ព្រមទាំងទឹកដែលហូរចេញ
ពីអណ្តូងរបស់ខ្លួនចុះ។
16តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ
ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ?
17ត្រូវទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះ
មិនមែនសម្រាប់មនុស្សដទៃ
ជាមួយឯងផងនោះទេ។
18សូមឲ្យរន្ធទឹកឯងបានពរ
ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ
ដែលបានគ្នាពីកាលក្រមុំកំលោះចុះ
19ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់
និងប្រើសញីសមសួន
ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប
ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់
របស់នាងជានិច្ចផង។
20ដ្បិតកូនអើយ តើមានទំនងឲ្យឯង
ទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ
ហើយឱបទ្រូងនៃស្ត្រីក្រៅឬ?
21ព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់
នៅចំពោះព្រះនេត្រព្រះយេហូវ៉ា
ព្រះអង្គក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ។
22អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់
នឹងចាប់យកអ្នកនោះឯង
ហើយអ្នកនោះនឹងត្រូវចងជាប់
ដោយចំណងនៃអំពើបាបរបស់ខ្លួន។
23អ្នកនោះនឹងត្រូវស្លាប់ទៅ
ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ
ក៏នឹងវង្វេងចេញ
ដោយវក់នឹងការចម្កួតរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies