សុភា‌សិត 6

6
ពាក្យក្រើន​រំឭក​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ
1កូន​អើយ ប្រសិន​បើ​ឯង
បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង
ប្រសិន​បើ​ឯងបាន​សន្យា​ជំនួស​អ្នក​ដទៃ
2នោះ​ឯង​បាន​ជាប់​អន្ទាក់
ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង
គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ
ដោយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​ឯង​មក
3នោះ​កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ
ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ
ដ្បិត​ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
នៃ​អ្នក​ជិត​ខាង​ឯង​ហើយ។
ដូច្នេះ ចូរ​ទៅ​ជួប​អ្នក​ជិត​ខាង​ឯង​ភ្លាម
ហើយ​អង្វរ​គេ​ជា​បន្ទាន់។
4កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់
ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ។
5ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន
ហើយ​ដូច​ជា​សត្វ​ហើរ
ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។
6ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ
ចូរ​ទៅ​មើល​ស្រមោច​ចុះ
ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា
ហើយ​មានប្រាជ្ញា​ឡើង។
7វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា
ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ
8គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង
ហើយ​ក៏​ប្រមូល​ស្បៀង
ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។
9ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ
តើ​ឯង​នឹង​ដេក​ដល់​កាល​ណា
តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់?
10ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច
11យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង
និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់
ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត
ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។
12ឯ​មនុស្ស​ចោល‌ម្សៀត
ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច
13ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សម្គាល់
ដោយ​ជើង និង​ដៃ
14ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត
ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច
ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។
15ដូច្នេះ សេចក្ដី​អន្ត‌រាយ​របស់​វា
និង​លោ​មក​ភ្លាម​មួយ​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ
វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។
16មាន​ប្រាំមួយ​មុខ ដែល​ព្រះ‌យេហូវ៉ា​ស្អប់
មាន​ប្រាំពីរ​ផង ដែល​ព្រះ‌អង្គ​ខ្ពើម​ឆ្អើម
17គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ
ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស
18ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អា‌ក្រក់
ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អា‌ក្រក់
19និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត
ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី
ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។
20កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ
របស់​ឪពុក​ឯង​ចុះ
ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន
របស់​ម្តាយ​ឯង​ឡើយ។
21ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជា‌និច្ច
ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង
22កាល​ណា​ឯង​ដើរ បណ្ដាំ​នោះ​នឹង​នាំ​មុខ​ឯង
កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង
ហើយ​កាល​ណា​ភ្ញាក់
ដំបូន្មាន​នោះ​នឹង​និយាយ​រក​ឯង។
23ដ្បិត​ពាក្យ​បណ្ដាំ​នោះ ជា​ចង្កៀង
ហើយ​ដំបូ‌ន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស
នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ
24ដើម្បី​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​អា‌ក្រក់
គឺ​ឲ្យ​រួច​ពី​អណ្ដាត​ដ៏​រអិល​របស់​ស្រី​ផិត​ក្បត់។
25កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់
ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ
ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ
26ដ្បិត​ថ្លៃ​ឈ្នួល​របស់​ស្រី​ពេស្យា
នោះ​ត្រឹម​តែ​នំបុ័ង​មួយ​ចំណិត​ប៉ុណ្ណោះ
តែ​ប្រពន្ធ​របស់​អ្នក​ដទៃ​វិញ
តែង​ដេញ​ចាប់​យក​ជីវិត​ដ៏​វិសេស។
27តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​ទ្រូង
ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ?
28តើ​នឹង​ដើរ​លើ​រងើក​ភ្លើង
ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ?
29ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ
របស់​អ្នក​ជិត​ខាង
នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង
នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ។
30មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច
ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ
ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ។
31តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា
សង​មួយ​ជា​ប្រាំពីរ​វិញ​ដែរ
វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់
ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង។
32ប៉ុន្តែ ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ
នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ
អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ
ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ។
33អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់​យស
និង​លុប​សេចក្ដី​ត្មះ‌តិះ​ដៀល
ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ។
34ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ
របស់​មនុស្ស
ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។
35គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល
តម្លៃ​លោះ​ណា​មួយ​ផង
ហើយ​ទោះ​បើ​ឯង​ជូន​ជំនួន​ដល់​គេ​ជា​ច្រើន
ក៏​ដោយ គង់​តែ​មិន​បាន​រម្ងាប់​ចិត្ត​ដែរ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល