សុភាសិត 6
6
ពាក្យក្រើនរំឭកអំពីជីវិតរស់នៅប្រចាំថ្ងៃ
1កូនអើយ ប្រសិនបើឯង
បានធានាឲ្យអ្នកជិតខាងឯង
ប្រសិនបើឯងបានសន្យាជំនួសអ្នកដទៃ
2នោះឯងបានជាប់អន្ទាក់
ដោយសារពាក្យសន្យារបស់ឯង
គឺឯងបានត្រូវចាប់ហើយ
ដោយពាក្យសម្ដីដែលចេញពីមាត់ឯងមក
3នោះកូនអើយ ចូរធ្វើដូច្នេះវិញ
ហើយដោះខ្លួនឲ្យរួចចុះ
ដ្បិតឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ
នៃអ្នកជិតខាងឯងហើយ។
ដូច្នេះ ចូរទៅជួបអ្នកជិតខាងឯងភ្លាម
ហើយអង្វរគេជាបន្ទាន់។
4កុំឲ្យភ្នែកឯងដេកលក់
ឬឲ្យត្របកភ្នែកឯងរលីវឡើយ។
5ចូរដោះខ្លួនចេញ ដូចជាប្រើសដែលខំប្រឹង
ឲ្យរួចពីកណ្ដាប់ដៃនាយព្រាន
ហើយដូចជាសត្វហើរ
ឲ្យរួចពីដៃនៃអ្នកដែលចាប់វា ។
6ឱមនុស្សខ្ជិលច្រអូសអើយ
ចូរទៅមើលស្រមោចចុះ
ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា
ហើយមានប្រាជ្ញាឡើង។
7វាគ្មានមេ គ្មានអ្នកត្រួតត្រា
ឬគ្មានអ្នកគ្រប់គ្រងឡើយ
8គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង
ហើយក៏ប្រមូលស្បៀង
ទុកនៅក្នុងរដូវចម្រូតបាន។
9ឱមនុស្សខ្ជិលច្រអូសអើយ
តើឯងនឹងដេកដល់កាលណា
តើដល់កាលណាបានឯងក្រោកពីការដេកលក់?
10ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច
11យ៉ាងនោះ សេចក្ដីកម្សត់ទុគ៌តរបស់ឯង
និងលោមកដល់ដូចជាចោរប្លន់
ព្រមទាំងសេចក្ដីខ្វះខាត
ដូចជាអ្នកកាន់គ្រឿងអាវុធ។
12ឯមនុស្សចោលម្សៀត
ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច
13ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសម្គាល់
ដោយជើង និងដៃ
14ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត
ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច
ព្រមទាំងសាបព្រោះការទាស់ទែងគ្នា។
15ដូច្នេះ សេចក្ដីអន្តរាយរបស់វា
និងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះ
វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។
16មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់
មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម
17គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ
ដៃដែលកម្ចាយឈាមមនុស្សឥតទោស
18ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់
ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់
19និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត
ហើយមនុស្សដែលសាបព្រោះសេចក្ដី
ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
20កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ
របស់ឪពុកឯងចុះ
ក៏កុំឲ្យបោះបង់ចោលដំបូន្មាន
របស់ម្តាយឯងឡើយ។
21ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច
ហើយភ្ជាប់នៅកឯងផង
22កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង
កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង
ហើយកាលណាភ្ញាក់
ដំបូន្មាននោះនឹងនិយាយរកឯង។
23ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង
ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស
នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
24ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់
គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។
25កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់
ចំពោះរូបឆោមឆាយរបស់គេឡើយ
ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
26ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា
នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ
តែប្រពន្ធរបស់អ្នកដទៃវិញ
តែងដេញចាប់យកជីវិតដ៏វិសេស។
27តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង
ឥតឆេះដល់ខោអាវខ្លួនបានឬ?
28តើនឹងដើរលើរងើកភ្លើង
ឥតរលាកដល់ជើងបានដែរឬ?
29ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ
របស់អ្នកជិតខាង
នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង
នោះមិនរួចពីមានទោសឡើយ។
30មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច
ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ
ក្នុងវេលាដែលស្រេកឃ្លាននោះទេ។
31តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវា
សងមួយជាប្រាំពីរវិញដែរ
វាត្រូវសងដល់ទៅគ្រប់របស់
ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង។
32ប៉ុន្តែ ឯអ្នកណាដែលលួចប្រពន្ធគេ
នោះជាអ្នកឥតមានគំនិតឡើយ
អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ
ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ។
33អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស
និងលុបសេចក្ដីត្មះតិះដៀល
ចំពោះអ្នកនោះចេញមិនបាត់ឡើយ។
34ដ្បិតសេចក្ដីប្រចណ្ឌជាសេចក្ដីក្តៅក្រហាយ
របស់មនុស្ស
ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ។
35គេមិនព្រមទាំងក្រឡេកមើល
តម្លៃលោះណាមួយផង
ហើយទោះបើឯងជូនជំនួនដល់គេជាច្រើន
ក៏ដោយ គង់តែមិនបានរម្ងាប់ចិត្តដែរ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies