ទំនុកតម្កើង 103

103
ពាក្យ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រលឹង​ខ្ញុំ​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម
ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ!
2ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ
3ដែល​ព្រះ‌អង្គ​អត់​ទោស
គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង
ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា
4ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ
ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
បំពាក់​ជា​មកុដ​ដល់​ឯង
5ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង
បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ
ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី
ដូច​សត្វ​ឥន្ទ្រី។
6៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត
និង​យុត្តិ‌ធម៌
សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។
7ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យលោក​ម៉ូសេ
ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ
ហើយ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ស្គាល់​កិច្ច‌ការ
របស់​ព្រះ‌អង្គ។
8ព្រះ‌យេហូវ៉ា​ប្រកប​ដោយ
ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
និង​ប្រណី​សន្ដោស
ទ្រង់​យឺត​នឹង​ខ្ញាល់
ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​បរិបូរ។
9ព្រះ‌អង្គ​នឹង​មិន​បន្ទោសជានិច្ច
ក៏​មិន​ប្រកាន់​រហូត​ដែរ។
10ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង
តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ
ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។
11ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ចំពោះ​អស់​អ្នក
ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។
12ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា
ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង
ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។
13ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា
ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក
ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។
14ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង
ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។
15៙ រី​ឯ​មនុស្ស​វិញ
ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ
គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល
16ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ
នោះ​ក៏​សូន្យ​បាត់​ទៅ
ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។
17តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា
ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប
រហូត​ដល់​អស់​កល្ប
ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ
18គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា
របស់​ព្រះ‌អង្គ
ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ
ដើម្បី​ប្រតិ‌បត្តិ​តាម។
19៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក
របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌
ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។
20ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ
អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ
ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ
ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង
នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច!
21អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ
ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!
22អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 103: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល