ទំនុកតម្កើង 105
105
ព្រះហឫទ័យស្មោះត្រង់របស់ព្រះចំពោះអ៊ីស្រាអែល
1ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ចូរអំពាវនាវរកព្រះនាមព្រះអង្គ
ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ
នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ!
2ចូរច្រៀងថ្វាយព្រះអង្គ
ចូរច្រៀងសរសើរតម្កើងព្រះអង្គ
ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ!
3ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ
ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា
រីករាយឡើង!
4ចូរស្វែងរកព្រះយេហូវ៉ា
និងឫទ្ធានុភាពរបស់ព្រះអង្គ
ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ
ឥតឈប់ឈរ!
5ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ
ដែលព្រះអង្គបានធ្វើ
ពីការអស្ចារ្យ និងការជំនុំជម្រះ
ដែលព្រះអង្គបានសម្រេច
6ឱពូជពង្សរបស់លោកអ័ប្រាហាំ
ជាអ្នកបម្រើរបស់ព្រះអង្គ
គឺកូនចៅរបស់លោកយ៉ាកុប
ជាពួកអ្នកដែលព្រះអង្គបានជ្រើសរើសអើយ!
7៙ ព្រះអង្គជាព្រះនៃយើង
ព្រះនាមជាព្រះយេហូវ៉ា
ការជំនុំជម្រះរបស់ព្រះអង្គ
ស្ថិតនៅលើផែនដីទាំងមូល។
8ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា
របស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់
ដល់មនុស្សមួយពាន់តំណ
9ជាសេចក្ដីសញ្ញាដែលព្រះអង្គ
បានតាំងជាមួយលោកអ័ប្រាហាំ
ជាសេចក្ដីសន្យាដែលព្រះអង្គ
បានស្បថជាមួយលោកអ៊ីសាក
10ហើយព្រះអង្គក៏បានបញ្ជាក់
ជាមួយលោកយ៉ាកុបទុកជាច្បាប់
គឺជាមួយលោកអ៊ីស្រាអែល
ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច
11ដោយមានព្រះបន្ទូលថា៖
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ករបស់អ្នក»។
12៙ នៅគ្រាដែលគេមានគ្នាតិច
គឺកាលគេមានចំនួនតិច
ហើយក៏គ្រាន់តែជាអ្នក
ស្នាក់អាស្រ័យក្នុងស្រុកនោះ
13គេធ្វើដំណើរចុះឡើង
ពីស្រុកមួយទៅស្រុកមួយ
ហើយពីនគរមួយទៅនគរមួយទៀត
14ព្រះអង្គមិនបណ្ដោយឲ្យអ្នកណា
សង្កត់សង្កិនគេឡើយ
ដោយយល់ដល់ពួកគេ
ព្រះអង្គបានបន្ទោសពួកស្តេចថា៖
15«កុំប៉ះពាល់ពួកអ្នកដែលយើង
បានចាក់ប្រេងតាំងឡើយ
កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!»
16៙ កាលព្រះអង្គបានបង្គាប់
ឲ្យមានអំណត់កើតឡើងក្នុងស្រុក
ហើយផ្តាច់អស់ទាំងអាហារ
17ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ
គឺលោកយ៉ូសែបដែលគេ
បានលក់ទៅធ្វើជាបាវបម្រើ។
18ជើងរបស់លោកត្រូវរឹតរួតដោយចំណង
ហើយមានច្រវាក់ដែកជាប់នៅក
19ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានល្បងលលោក
រហូតទាល់តែសេចក្ដី
ដែលលោកថ្លែងទុកបានសម្រេច។
20ស្តេចបានចាត់គេឲ្យទៅដោះលែងលោក
គឺអ្នកគ្រប់គ្រងលើប្រជាជននានា
បានដោះលោកឲ្យរួច។
21ស្ដេចបានតាំងលោក
ឲ្យធ្វើជាម្ចាស់លើព្រះដំណាក់
ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យ
ទាំងអស់របស់ទ្រង់
22ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រី
របស់ស្តេចបានតាមចិត្ត
ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំ
របស់ស្តេចមានប្រាជ្ញា។
23៙ ពេលនោះ អ៊ីស្រាអែលក៏ចូលមក
ក្នុងស្រុកអេស៊ីព្ទ
គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ។
24ព្រះក៏ចម្រើនឲ្យប្រជារាស្ត្រព្រះអង្គ
មានកូនចៅជាច្រើន
ហើយឲ្យគេមានកម្លាំងជាងបច្ចាមិត្ត
របស់គេទៅទៀត។
25ព្រះអង្គបានបង្វែរចិត្តគេ
ឲ្យស្អប់ប្រជារាស្ត្រព្រះអង្គ
ឲ្យគេប្រព្រឹត្តដោយកិច្ចកល
ចំពោះពួកអ្នកបម្រើព្រះអង្គ។
26៙ ព្រះអង្គបានចាត់លោកម៉ូសេ
ជាអ្នកបម្រើព្រះអង្គ
និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។
27លោកទាំងពីរបានសម្ដែងទីសម្គាល់
របស់ព្រះអង្គនៅកណ្ដាលពួកគេ
និងការអស្ចារ្យនៅក្នុងស្រុករបស់ហាំ។
28ព្រះអង្គចាត់សេចក្ដីងងឹតមក
ហើយធ្វើឲ្យស្រុកងងឹត
ពួកលោក មិនបានទាស់ទទឹង
នឹងព្រះបន្ទូលរបស់ព្រះអង្គទេ។
29ព្រះអង្គបានធ្វើឲ្យទឹកនៅស្រុកគេ
ត្រឡប់ទៅជាឈាម
ហើយធ្វើឲ្យត្រីនៅស្រុកគេទាំងប៉ុន្មានស្លាប់អស់។
30ស្រុកគេមានសត្វកង្កែបពេញដេរដាស
សូម្បីតែនៅក្នុងក្រឡាបន្ទំរបស់ស្តេចក៏មានដែរ។
31ព្រះអង្គមានព្រះបន្ទូល
នោះក៏មានរុយទាំងហ្វូងៗហើរមក
ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។
32ព្រះអង្គប្រទានព្រឹលឲ្យគេជំនួសភ្លៀង
ហើយរន្ទះក៏បាញ់ឆេះពេញក្នុងស្រុករបស់គេ។
33ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ
និងដើមល្វារបស់គេ
ក៏បំបាក់ដើមឈើទាំងប៉ុន្មាន
នៅក្នុងស្រុករបស់គេ។
34ព្រះអង្គមានព្រះបន្ទូល
នោះក៏មានកណ្តូបហើរមក
ហើយក៏មានចង្រិតច្រើនឥតគណនា។
35សត្វទាំងនោះស៊ីបំផ្លាញ
អស់ទាំងដំណាំនៅក្នុងស្រុក
ហើយស៊ីភោគផលដែលដុះចេញពីដីរបស់គេ។
36ព្រះអង្គបានប្រហារអស់ទាំងកូនច្បង
នៅក្នុងស្រុកគេ
គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
37៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ
ទាំងនាំយកប្រាក់ និងមាសទៅជាមួយ
ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ
គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។
38កាលគេបានចាកចេញទៅ
សាសន៍អេស៊ីព្ទក៏អរសប្បាយ
ដ្បិតគេភ័យខ្លាចពួកអ៊ីស្រាអែលជាខ្លាំង។
39ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ
ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។
40គេបានសុំ ហើយព្រះអង្គក៏នាំសត្វក្រួចមក
ហើយប្រទានឲ្យគេមាននំប៉័ង
ជាបរិបូរពីស្ថានសួគ៌។
41ព្រះអង្គបានបំបែកថ្មឲ្យទឹកផុលចេញមក
ហើយទឹកក៏ហូរកាត់ទីហួតហែង ដូចទន្លេ។
42ដ្បិតព្រះអង្គនឹកចាំពីព្រះបន្ទូល
ដ៏បរិសុទ្ធរបស់ព្រះអង្គ
និងពីលោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ។
43៙ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ
ចេញមកដោយអំណរ
ព្រះអង្គបាននាំពួកអ្នកដែលព្រះអង្គ
បានជ្រើសរើសចេញមក
ដោយច្រៀងចម្រៀង។
44ព្រះអង្គបានប្រគល់ទឹកដី
របស់សាសន៍នានាដល់គេ
ហើយគេចាប់យកភោគផល
ដែលប្រជាជនទាំងនោះបាននឿយហត់
45ដើម្បីឲ្យគេបានប្រតិបត្តិ
តាមច្បាប់របស់ព្រះអង្គ
ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 105: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies