ទំនុកតម្កើង 106

106
ការ​លន់​តួ​បាប​របស់​សាសន៍​អ៊ីស្រា‌អែល
1ហាលេលូយ៉ា !
ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
2តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ
ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា
ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន
ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន?
3មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌
ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត
គ្រប់​ពេល​វេលា។
4៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ
ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង!
ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ
5ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន
របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស
ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ
រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ
រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។
6៙ ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ
បាន​ប្រព្រឹត្ត​អំពើ​បាប
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។
7កាល​នៅ​ស្រុក​អេស៊ីព្ទ បុព្វ‌បុរស​របស់​យើង​ខ្ញុំ
មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ
របស់​ព្រះ‌អង្គ​ទេ
ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ
គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ
គឺ​នៅ​សមុទ្រ​ក្រហម ។
8ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា
ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។
9ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម
សមុទ្រ​នោះ​ក៏​រីង​ទៅ
ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ
ដូច​ដើរ​កាត់​វាល​ខ្សាច់។
10ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ
ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ
ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។
11ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ
គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។
12ពេល​នោះ គេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។
13៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន
គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ
ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន
របស់​ព្រះ‌អង្គ​ឡើយ។
14គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន
ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង
15ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ
តែ​ក៏​ចាត់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត
នៅ​ក្នុង​ចិត្ត​គេ​វិញ។
16៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ
ហើយ​នឹង​លោក​អើរ៉ុន
ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា
17នោះ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន
រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។
18មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​បក្ស​ពួក​របស់​គេ
អណ្ដាត​ភ្លើង​ក៏​ឆាប​ឆេះ
មនុស្ស​អាក្រក់​ទាំង​នោះទៅ។
19៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប
ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប
ដែល​ធ្វើ​ពី​លោហធាតុ។
20គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ
ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។
21គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ
ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម
នៅ​ស្រុក​អេស៊ីព្ទ
22គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ
និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។
23ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ
ប៉ុន្តែ លោក​ម៉ូសេជា​អ្នក
ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស
លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់
នៅ​ចំពោះ​ព្រះ‌អង្គ
ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ
ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។
24៙ បន្ទាប់មក គេ​បាន​មើល‌ងាយ
ស្រុក​ដ៏​សប្បាយ​នោះ
គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។
25គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន
ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង
របស់​ព្រះ‌យេហូវ៉ា​ឡើយ។
26ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង
ស្បថ​នឹង​គេ​ថា
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់
នៅ​ក្នុង​ទី​រហោ‌ស្ថាន
27ហើយ​ឲ្យ​ពូជ‌ពង្ស​របស់​គេ​ដួល​ស្លាប់
នៅ​កណ្ដាល​ជាតិ​សាសន៍​នានា
ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ
ឲ្យ​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​សាសន៍​ដទៃ។
28៙ បន្ទាប់​មក គេ​ទៅ​ភ្ជាប់​ខ្លួន
នឹង​ព្រះ‌បាល-ពេអរ
ហើយ​បាន​បរិ‌ភោគ​សំណែន
ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត
29គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់
ដោយ‌សារ​អំពើ​របស់​គេ
ហើយ​គ្រោះ​កាច​ក៏​កើត​ឡើង
ក្នុង​ចំណោម​ពួក‌គេ។
30ពេល​នោះ ភីនេ‌ហាស​ក៏ឈរ​ឡើង
ហើយ​ធ្វើ​អន្តរាគមន៍
រួច​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅវិញ។
31ការ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​ភីនេ‌ហាស
ជា​រៀង​រហូត ដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ។
32៙ ពួក‌គេ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់
នៅត្រង់​ទឹក​មេរីបា​ទៀត
ហើយ​ការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​លោក​ម៉ូសេ
មាន​ទោសដោយ​សារ​តែ​ពួក‌គេ
33ដ្បិត​គេ​ធ្វើឲ្យ​ចិត្ត​លោកជូរ​ល្វីង
ហើយ​បបូរ​មាត់​លោក​ក៏​និយាយ​ចេញ​មក
ដោយ​មិន​បាន​គិត។
34៙ គេ​មិន​បាន​បំផ្លាញ​ប្រជាជន​ទាំង​ប៉ុន្មាន
ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ទេ
35តែ​គេបែរ​ជា​ប្រព្រឹត្ត​ច្របូក‌ច្របល់
ជា​មួយជាតិ​សាសន៍​ដទៃ
ហើយ​រៀនប្រព្រឹត្ត​ដូចជា​សាសន៍
ទាំង​នោះ​ទៅ​វិញ។
36គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ
របស់​សាសន៍​ទាំង​នោះ
ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។
37គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ
ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស
38គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស
គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន
ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា
ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន
ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក
ដោយ‌សារ​ឈាម។
39ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង
ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត
ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។
40៙ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា
បាន​ឆួល​ឡើង​ទាស់​នឹងប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ក៏​ស្អប់​ខ្ពើម​មត៌ក​របស់​ព្រះ‌អង្គ។
41ព្រះ‌អង្គបាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ
ជាតិ​សាសន៍​ដទៃ
ដើម្បី​ឲ្យអស់​អ្នក​ដែល​ស្អប់​គេ
បាន​គ្រប់‌គ្រង​លើ​គេ។
42ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ
ហើយ​បង្ក្រាប​គេ
ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។
43ព្រះ‌អង្គ​បាន​រំដោះ​គេ​ជា​ច្រើន​លើក​ច្រើន​គ្រា
ប៉ុន្តែ គេ​នៅ​តែ​តាំង​ចិត្ត​បះ​បោរ
ហើយ​គេ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ទាប​ថោក
ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។
44ទោះ​ជា​ដូច្នេះ​ក្ដី ក៏​ព្រះ‌អង្គ​នៅ​តែ​យោគ​យល់
ពី​ទុក្ខ​ព្រួយ​របស់​គេ
នៅ​ពេល​ព្រះ‌អង្គឮ​សម្រែក​របស់​គេ។
45ដោយ​យល់​ដល់​ពួក‌គេ
ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ
ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។
46ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់ពួក‌គេ​យក​ទៅ
ជា​ឈ្លើយ មាន​ចិត្ត​អាណិត​អាសូរ​ដល់​គេ។
47៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង
សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល
ជាតិ​សាសន៍​ដទៃ​មកវិញ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ
ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ហើយបាន​ខ្ពស់​មុខ
ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។
48៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
ចាប់​តាំង​ពី​អស់‌កល្ប
រហូត​ដល់​អស់‌កល្ប​ជា‌និច្ច!
ត្រូវ​ឲ្យ​មនុស្ស​ទាំង‌អស់​ពោល​ថា អាម៉ែន!
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 106: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល