ទំនុកតម្កើង 105

105
ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះចំពោះ​អ៊ី​ស្រាអែល
1ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ចុះ!
2ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ
ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ
ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ!
3ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ
ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា
រីក‌រាយ​ឡើង!
4ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា
និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ
ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ
ឥត​ឈប់​ឈរ!
5ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ
ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ
ដែល​ព្រះ‌អង្គ​បាន​សម្រេច
6ឱ​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ
ជា​អ្នក​បម្រើ​របស់ព្រះ‌អង្គ
គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប
ជា​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ!
7៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា
ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ
ស្ថិត​នៅ​លើ​ផែនដី​ទាំង​មូល។
8ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា
របស់​ព្រះ‌អង្គ​ជា‌និច្ច
គឺ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់
ដល់​មនុស្ស​មួយ​ពាន់​តំណ
9ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ
បាន​តាំង​ជាមួយ​លោក​អ័ប្រា‌ហាំ
ជា​សេចក្ដី​សន្យា​ដែល​ព្រះ‌អង្គ
បាន​ស្បថ​ជាមួយ​លោក​អ៊ីសាក
10ហើយ​ព្រះ‌អង្គ​ក៏បាន​បញ្ជាក់
ជាមួយ​លោក​យ៉ាកុបទុក​ជា​ច្បាប់
គឺ​ជាមួយ​លោក​អ៊ីស្រា‌អែល
ទុក​ជា​សេចក្ដី​សញ្ញាអស់‌កល្ប​ជា‌និច្ច
11ដោយ​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក
ទុក​ជា​ចំណែក​មត៌ក​របស់​អ្នក»។
12៙ នៅ​គ្រា​ដែល​គេ​មាន​គ្នា​តិច
គឺ​កាល​គេ​មាន​ចំនួន​តិច
ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក
ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ
13គេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង
ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ
ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត
14ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា
សង្កត់‌សង្កិន​គេ​ឡើយ
ដោយ​យល់​ដល់​ពួក‌គេ
ព្រះ‌អង្គ​បាន​បន្ទោស​ពួក​ស្តេច​ថា៖
15«កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង
បាន​ចាក់​ប្រេង​តាំងឡើយ
កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ!»
16៙ កាលព្រះ‌អង្គ​បាន​បង្គាប់
ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក
ហើយ​ផ្តាច់​អស់​ទាំង​អាហារ
17ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ
គឺ​លោក​យ៉ូសែបដែល​គេ
បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។
18ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង
ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក
19ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​លោក
រហូត​ទាល់​តែ​សេចក្ដី
ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។
20ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​លោក
គឺ​អ្នក​គ្រប់​គ្រង​លើ​ប្រជាជន​នានា
បាន​ដោះ​លោក​ឲ្យ​រួច។
21ស្ដេច​បាន​តាំង​លោក
ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់
ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ
ទាំង​អស់​របស់​ទ្រង់
22ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រី
របស់​ស្តេច​បាន​តាម​ចិត្ត
ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំ
របស់​ស្តេចមាន​ប្រាជ្ញា។
23៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក
ក្នុង​ស្រុក​អេស៊ីព្ទ
គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។
24ព្រះ​ក៏​ចម្រើន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
មាន​កូន​ចៅ​ជា​ច្រើន
ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត
របស់​គេទៅ​ទៀត។
25ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ
ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល
ចំពោះ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ។
26៙ ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ
ជា​អ្នក​បម្រើ​ព្រះ‌អង្គ
និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។
27លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់
របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ
និង​ការ​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ។
28ព្រះ‌អង្គ​ចាត់​សេចក្ដី​ងងឹត​មក
ហើយ​ធ្វើ​ឲ្យ​ស្រុក​ងងឹត
ពួក​លោក មិន​បាន​ទាស់​ទទឹង
នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។
29ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ
ត្រឡប់​ទៅ​ជា​ឈាម
ហើយ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​ទាំង​ប៉ុន្មាន​ស្លាប់​អស់។
30ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស
សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។
31ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក
ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។
32ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង
ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។
33ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ
និង​ដើម​ល្វា​របស់​គេ
ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ស្រុក​របស់​គេ។
34ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
នោះ​ក៏​មាន​កណ្តូប​ហើរ​មក
ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។
35សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ
អស់​ទាំង​ដំណាំ​នៅ​ក្នុង​ស្រុក
ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។
36ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង
នៅ​ក្នុង​ស្រុក​គេ
គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។
37៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ
ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ
ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ
គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។
38កាល​គេ​បាន​ចាក​ចេញ​ទៅ
សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ
ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។
39ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ
ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។
40គេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក
ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង
ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។
41ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក
ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។
42ដ្បិត​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល
ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ
និង​ពី​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
43៙ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ចេញ​មកដោយ​អំណរ
ព្រះ‌អង្គ​បាន​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ
បាន​ជ្រើស​រើស​ចេញ​មក
ដោយ​ច្រៀង​ចម្រៀង។
44ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី
របស់​សាសន៍​នានា​ដល់​គេ
ហើយ​គេ​ចាប់​យក​ភោគ​ផល
ដែល​ប្រជាជន​ទាំង​នោះ​បាន​នឿយ​ហត់
45ដើម្បី​ឲ្យ​គេ​បាន​ប្រតិ‌បត្តិ
តាម​ច្បាប់​របស់​ព្រះ‌អង្គ
ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 105: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល