ទំនុកតម្កើង 13
13
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ?
តើដល់កាលណាទៀត?
តើព្រះអង្គលាក់ព្រះភក្ត្រ
ពីទូលបង្គំដល់កាលណា?
2តើទូលបង្គំត្រូវពិគ្រោះនៅក្នុងចិត្តដល់កាលណា
ហើយមានចិត្តព្រួយវាល់ព្រឹក
វាល់ល្ងាចដូច្នេះឬ?
ខ្មាំងសត្រូវលើកខ្លួនឡើង
ទាស់នឹងទូលបង្គំដល់កាលណាទៀត?
3ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមពិចារណាមើល
ហើយឆ្លើយមកទូលបង្គំផង!
សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់
ក្នុងសេចក្ដីស្លាប់
4ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំពោលថា
«អញបានឈ្នះវាហើយ»
ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរ
ព្រោះតែទូលបង្គំបរាជ័យ។
5ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ
សប្បុរសរបស់ព្រះអង្គ
ចិត្តទូលបង្គំនឹងត្រេកអរ
ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។
6ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា
ព្រោះព្រះអង្គបាន
ប្រោសប្រណីជាបរិបូរដល់ទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies