ទំនុកតម្កើង 14

14
អ្នក​ជឿ​នៅ​ក្នុង​ចំណោម​មនុស្ស​ពាល
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ»
គេ​ជា​មនុស្ស​ខូច​អាក្រក់
គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម
ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។
2ព្រះ‌យេហូវ៉ា​បាន​ទត​មើល​ពី​ស្ថាន‌សួគ៌
មក​លើ​ពួក​កូន​មនុស្ស
រក​មើល​ក្រែង​មាន​អ្នក​ណា
ដែល​មាន​គំនិត​ឈ្លាស​វៃ
ហើយ​ស្វែង​រក​ព្រះ។
3គ្រប់​គ្នា​បាន​វង្វេង​ចេញ
ហើយ​គេ​ត្រឡប់​ជា​ស្មោក‌គ្រោក​ទាំង​អស់
គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ។
4អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ?
ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង
ដូច​ជា​ស៊ី​អាហារ
ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។
5គេ​នឹង​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង
ដ្បិត​ព្រះ​គង់​នៅ​ជាមួយ
ជំនាន់​មនុស្ស​សុចរិត។
6អ្នក​រាល់​គ្នា​បាន​បង្អាប់​គំនិត​មនុស្ស​ក្រីក្រ
ប៉ុន្តែ ព្រះ‌យេហូវ៉ាជា​ជម្រក​របស់​គេ។
7ឱ សូមឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល
ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​អេះ!
ពេល​ព្រះ‌យេហូវ៉ា​ប្រោស
ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ងើ​មុខ​ឡើង​វិញ
នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ
ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល