ទំនុកតម្កើង 135

135
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ឥទ្ធិឫទ្ធិ
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា !
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ឱ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង
2អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់
របស់​ព្រះ‌យេហូវ៉ា
គឺ​នៅ​ក្នុង​ទី​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់
របស់​ព្រះ​នៃ​យើង​អើយ
3ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ
ចូរ​ច្រៀង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ
ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ!
4ដ្បិត​ព្រះ‌យេហូវ៉ា បាន​ជ្រើស​រើស​យ៉ាកុប
សម្រាប់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល
ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។
5៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ
ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង
ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។
6ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី
ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ
នៅ​លើ​មេឃ និង​នៅ​ផែនដី
នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។
7ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី
ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង
ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។
8៙ ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រហារ
អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីព្ទ
ទាំង​មនុស្ស ទាំង​សត្វ។
9ឱ​អេស៊ីព្ទ​អើយ ព្រះ‌អង្គ​បាន​ចាត់​ទី​សម្គាល់
និង​ការ​អស្ចារ្យ ឲ្យចូល​ទៅ​កណ្ដាល​ឯង
គឺ​ឲ្យទាស់​នឹង​ផារ៉ោន
និង​មហា​តលិក​ទាំង​ប៉ុន្មាន​របស់​ទ្រង់។
10ព្រះ‌អង្គ​បាន​ប្រហារ​ជាតិ​សាសន៍​ជា​ច្រើន
ហើយ​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ
11គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី
និង​អុក ជា​ស្តេច​ស្រុក​បាសាន
ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន
12ព្រះ‌អង្គ​បាន​ប្រគល់​ស្រុក​របស់​គេ​ទុក​ជា​មត៌ក
គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។
13៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​កិត្តិ​នាមរបស់​ព្រះ‌អង្គ
ក៏​ស្ថិត‌ស្ថេរជា​អង្វែង​តរៀង​ទៅ។
14ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វិនិច្ឆ័យ
ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ
ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
15៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប
ធ្វើ​ពី​ប្រាក់ និង​មាស
ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។
16រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
17មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ
ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។
18អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ
នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង
ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ
ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។
19៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!
ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!
20ឱ​ពូជ​ពង្ស​លេវី​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!
អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!
21សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ
ពី​ក្រុង​ស៊ីយ៉ូន
គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម!
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 135: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល