ទំនុកតម្កើង 136
136
កិច្ចការរបស់ព្រះក្នុងការបង្កើតអ្វីៗសព្វសារពើ និងនៅក្នុងប្រវត្តិសាស្ត្រ
1សូមអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតព្រះអង្គល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
2សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
3សូមអរព្រះគុណដល់ព្រះអម្ចាស់
ដ៏ធំលើអស់ទាំងព្រះអម្ចាស់
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
4៙ គឺដល់ព្រះអង្គដែលធ្វើការអស្ចារ្យធំៗ
តែមួយព្រះអង្គឯង
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
5គឺដល់ព្រះអង្គដែលបានបង្កើតផ្ទៃមេឃ
ដោយប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
6គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
7គឺដល់ព្រះអង្គដែលបានបង្កើតតួពន្លឺៗធំ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
8គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
9ព្រះចន្ទ និងហ្វូងផ្កាយ ឲ្យគ្រប់គ្រងនៅពេលយប់
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
10៙ គឺដល់ព្រះអង្គដែលបានប្រហារ
អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
11ព្រះអង្គបាននាំសាសន៍អ៊ីស្រាអែល
ចេញពីក្នុងចំណោមពួកគេ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
12ដោយព្រះហស្តខ្លាំងពូកែ
និងព្រះពាហុលើកសម្រេច
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
13គឺដល់ព្រះអង្គដែលបានញែក
សមុទ្រក្រហមចេញជាពីរ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
14ព្រះអង្គឲ្យសាសន៍អ៊ីស្រាអែល
ដើរកាត់កណ្ដាលសមុទ្រនោះ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
15តែព្រះអង្គបានបោះទម្លាក់ផារ៉ោន
ព្រមទាំងពលទ័ពរបស់ស្ដេច
ទៅក្នុងសមុទ្រក្រហម
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
16គឺដល់ព្រះអង្គដែលបាននាំប្រជារាស្ត្រ
របស់ព្រះអង្គដើរកាត់ទីរហោស្ថាន
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
17គឺដល់ព្រះអង្គដែលបានប្រហារស្ដេចធំៗ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
18ព្រះអង្គបានសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
19គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
20និងអុក ជាស្តេចស្រុកបាសាន
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
21ហើយប្រគល់ស្រុករបស់គេ ទុកជាមត៌ក
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
22គឺជាមត៌កដល់អ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
23៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង
កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
24ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
25ព្រះអង្គជាព្រះដែលប្រទានអាហារ
ដល់អស់ទាំងសាច់
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
26៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 136: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies