ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។ ចំណងនៃសេចក្ដីស្លាប់បានរួបរឹតខ្ញុំ ហើយជំនន់នៃសេចក្ដីវិនាសបានបំភ័យខ្ញុំ ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏រឹតជុំវិញខ្ញុំ អន្ទាក់នៃសេចក្ដីស្លាប់បានទាក់ខ្ញុំ។ ៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។ ៙ ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។ មានផ្សែងហុយចេញពីព្រះនាសាព្រះអង្គ ហើយមានភ្លើងបញ្ឆេះ ចេញពីព្រះឱស្ឋព្រះអង្គមក ក៏មានរងើកភ្លើងឆេះ ជាអណ្ដាតមកពីព្រះអង្គដែរ។ ព្រះអង្គបានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទព្រះអង្គ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ ឯពន្លឺភ្លឺនៅចំពោះព្រះអង្គ មានព្រឹល និងរងើកភ្លើង ចេញមកតាមពពករបស់ព្រះអង្គ។ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។ ៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ ព្រះអង្គបានរំដោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ខ្ញុំដែរ ដ្បិតគេមានកម្លាំងជាងខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា គេនាំគ្នាសង្ខុញ មកលើខ្ញុំ ប៉ុន្តែ ព្រះយេហូវ៉ាជាជំនួយរបស់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដ្បិតព្រះអង្គរីករាយនឹងខ្ញុំ។ ៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។ ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់ឡើយ។ ដ្បិតអស់ទាំងវិន័យរបស់ព្រះអង្គ នៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ ខ្ញុំគ្មានសៅហ្មងនៅចំពោះព្រះអង្គ ហើយខ្ញុំបានរក្សាខ្លួនមិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមអំពើសុចរិតរបស់ខ្ញុំ គឺតាមអំពើបរិសុទ្ធ ដែលដៃខ្ញុំធ្វើ នៅចំពោះព្រះនេត្រព្រះអង្គ។
អាន ទំនុកតម្កើង 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 18:1-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ