ទំនុកតម្កើង 32
32
អំណររបស់អ្នកដែលព្រះអត់ទោសឲ្យ
ទំនុករបស់ស្ដេចដាវីឌ ជាសេចក្ដីបង្រៀន។
1មានពរហើយ អ្នកដែលព្រះអត់ទោស
ឲ្យអំពើរំលងរបស់ខ្លួន
គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួន។
2មានពរហើយ អ្នកដែលព្រះយេហូវ៉ា
មិនរាប់ថាមានទោស
ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
3ពេលទូលបង្គំចេះតែនៅស្ងៀម
ឆ្អឹងទូលបង្គំបានខ្សោះទៅ
ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។
4ដ្បិតព្រះហស្តព្រះអង្គបានសង្កត់
លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ
កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត
ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
5៙ ទូលបង្គំបានសារភាពអំពើបាប
របស់ទូលបង្គំ នៅចំពោះព្រះអង្គ
ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ
ទូលបង្គំពោលថា
«ទូលបង្គំនឹងលន់តួអំពើរំលង
របស់ទូលបង្គំចំពោះព្រះយេហូវ៉ា»
ហើយព្រះអង្គក៏បានអត់ទោសអំពើបាប
ឲ្យទូលបង្គំ។ –បង្អង់
6៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ
បានអធិស្ឋានដល់ព្រះអង្គ
នៅពេលដែលអាចរកព្រះអង្គឃើញ
យ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង
ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។
7ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ
ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក
ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ
ដោយចម្រៀងជ័យជម្នះ។ –បង្អង់
8៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ
ដែលអ្នកត្រូវដើរ
យើងនឹងទូន្មានអ្នក
ទាំងភ្នែកយើងមើលអ្នកជាប់។
9កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា
ដែលត្រូវគេដាក់បង្ខាំ
ហើយចងបង្ហៀរ ដើម្បីទប់
ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។
10មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន
តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា
នោះព្រះហឫទ័យសប្បុរស
របស់ព្រះអង្គព័ទ្ធជុំវិញ។
11ឱមនុស្សសុចរិតអើយ
ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា
អស់អ្នកដែលមានចិត្តទៀតត្រង់អើយ
ចូរស្រែកហ៊ោរដោយអំណរចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 32: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies