ទំនុកតម្កើង 31

31
ពាក្យ​អធិស្ឋាន និង​ការ​សរសើរ​តម្កើងដល់​ព្រះ ដែល​ព្រះ‌អង្គ​រំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ
សូម​រំដោះ​ទូល‌បង្គំ
ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ផង!
2សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ
សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់
សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ
ជា​បន្ទាយ​យ៉ាង​មាំ
សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង!
3ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា
ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ
សូម​នាំ ហើយ​តម្រង់​ផ្លូវ​ទូល‌បង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
4សូម​ដោះ​ទូល‌បង្គំ​ចេញ​ពី​អន្ទាក់
ដែល​គេ​បាន​ដាក់
ដោយ​លួច​លាក់​ដើម្បី​ចាប់​ទូល‌បង្គំ
ដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូល‌បង្គំ។
5ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ទូល‌បង្គំ
ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ
ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះដ៏​ស្មោះ‌ត្រង់​អើយ
ព្រះ‌អង្គ​បានប្រោស​លោះ​ទូល‌បង្គំ។
6ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់
នឹង​រូបព្រះ​ដែល​ឥត​បាន​ការ
តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។
7ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ
នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ
ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ
8ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ
នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ
ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ
នៅ​កន្លែង​មួយ​ធំ​ទូលាយ។
9ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ
ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក
ព្រលឹង និង​រូប​កាយ​ទូល‌បង្គំ​ក៏​ខ្សោយ​ដែរ។
10ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ
ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ
ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ
កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ
ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ
ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។
11ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ
ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល
ជា​ពិសេស ចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ
ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក
ដែល​ស្គាល់​ទូល‌បង្គំ
អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ
គេ​គេច​មុខ​ពី​ទូល‌បង្គំ។
12គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់
ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​កំបែក។
13ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មួល​បង្កាច់
របស់​មនុស្ស​ជា​ច្រើន
ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់
គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ
គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។
14តែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ
ទូល‌បង្គំ​ពោល​ថា
«ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។
15អាយុ​ជីវិត​របស់​ទូល‌បង្គំ
ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ
សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ
ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង!
16សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ភ្លឺ​មក​លើ​អ្នក​បម្រើ​ព្រះ‌អង្គ
សូម​សង្គ្រោះ​ទូល‌បង្គំ
ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!
17ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ
ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ
សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស
សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន
ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ!
18សូម​ឲ្យ​បបូរ​មាត់​ភូត​ភរ​ក្លាយ​ទៅ​ជា​គ
ជា​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត
ដោយ​ព្រហើន និង​ប្រមាថ​មើល‌ងាយ។
19ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង
ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល
កោត​ខ្លាច​ព្រះ‌អង្គ
សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។
20ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង
នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ
ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស
ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ
ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។
21សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុង
ដែលសត្រូវ​ឡោម​ព័ទ្ធ។
22ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា
«ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ
របស់​ព្រះ‌អង្គ​ហើយ»។
ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ
ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ
របស់​ទូល‌បង្គំ។
23ឱ​អស់​អ្នក​ដែល​ជា​ពួក​បរិសុទ្ធ
របស់​ព្រះ‌អង្គ​អើយ
ចូរ​ស្រឡាញ់​ព្រះ‌យេហូវ៉ា
ព្រះ‌យេហូវ៉ា​ការពារ​មនុស្ស​ស្មោះ‌ត្រង់
តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរ។
24ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា
ក្លាហាន​ឡើង!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល