ទំនុកតម្កើង 30
30
ពាក្យអធិស្ឋានអរព្រះគុណសម្រាប់ការប្រោសឲ្យជាពីជំងឺដុនដាប
ទំនុកតម្កើង។ បទសម្រាប់ច្រៀងនៅពេលឆ្លងព្រះវិហារ។ ទំនុករបស់ស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ
ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង
ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ
ដោយឈ្នះទូលបង្គំឡើយ។
2ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានស្រែករកព្រះអង្គ
ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។
3ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ
ចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់
ព្រះអង្គបានប្រោសឲ្យទូលបង្គំរស់ឡើងវិញ
ចេញពីចំណោមអស់អ្នក
ដែលធ្លាក់ចុះទៅក្នុងរណ្តៅ។
4ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ
ចូរច្រៀងសរសើរព្រះយេហូវ៉ា
ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ
របស់ព្រះអង្គ។
5ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ
នៅតែមួយភ្លែតទេ
តែព្រះគុណរបស់ព្រះអង្គវិញ
នៅអស់មួយជីវិត។
ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន
តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
6រីឯទូលបង្គំ ទូលបង្គំបានពោល
ក្នុងគ្រាចម្រុងចម្រើន
របស់ទូលបង្គំថា
«ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។
7ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ
ឈរយ៉ាងរឹងមាំ
ដោយព្រះគុណព្រះអង្គ
កាលព្រះអង្គបានលាក់ព្រះភក្ត្រទៅ
នោះទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។
8ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានស្រែករកព្រះអង្គ
គឺទូលបង្គំបានទូលអង្វរព្រះយេហូវ៉ាថា
9«តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់
ហើយចុះទៅក្នុងរណ្តៅនោះ?
តើធូលីអាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ
ស្មោះត្រង់របស់ព្រះអង្គកើតឬ?
10ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់
ហើយប្រណីសន្ដោសទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
សូមធ្វើជាអ្នកជំនួយដល់ទូលបង្គំផង!»
11ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ
ឲ្យទៅជាការលោតកញ្ឆេង
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ
12ដើម្បីឲ្យព្រលឹង ទូលបង្គំ
បានច្រៀងសរសើរតម្កើងព្រះអង្គ
ឥតនៅស្ងៀមឡើយ
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies