ទំនុកតម្កើង 34
34
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គរំដោះឲ្យរួចពីទុក្ខលំបាក
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ក្លែងធ្វើជាឆ្កួត នៅចំពោះអ័ប៊ីម៉្មាឡិច ហើយអ័ប៊ីម៉្មាឡិចក៏បណ្ដេញទ្រង់ចេញទៅ។
1ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា
ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
2ព្រលឹងរបស់ខ្ញុំនឹងអួតពីព្រះយេហូវ៉ា
ចូរឲ្យមនុស្សរាបសារស្ដាប់
ហើយមានចិត្តត្រេកអរឡើង។
3ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ
ចូរយើងនាំគ្នាលើកតម្កើង
ព្រះនាមព្រះអង្គជាមួយគ្នា។
4ខ្ញុំបានស្វែងរកព្រះយេហូវ៉ា
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ
ក៏ប្រោសឲ្យខ្ញុំរួច
ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
5អស់អ្នកដែលពឹងដល់ព្រះអង្គ
គេមានអំណរព្រោងព្រាយ
ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។
6មនុស្សវេទនានេះបានស្រែកឡើង
នោះព្រះយេហូវ៉ាព្រះសណ្ដាប់
ហើយសង្គ្រោះគេឲ្យរួច
ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។
7ទេវតារបស់ព្រះយេហូវ៉ា
ចោមរោមជុំវិញអស់អ្នកដែល
កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
8ឱសូមភ្លក់មើលឲ្យដឹងថា
ព្រះយេហូវ៉ាទ្រង់ល្អចុះ!
មានពរហើយ មនុស្សណា
ដែលពឹងជ្រកក្នុងព្រះអង្គ!
9ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ
ចូរកោតខ្លាចព្រះយេហូវ៉ា
ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ
មិនខ្វះអ្វីឡើយ!
10ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត
ហើយអត់ឃ្លាន
តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា
នោះមិនខ្វះអ្វីដែលល្អឡើយ។
11ឱ កូនទាំងឡាយអើយ
ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ
ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា
ពីការកោតខ្លាចព្រះយេហូវ៉ា។
12តើមានអ្នកណាដែលចង់បានជីវិត
ហើយស្រឡាញ់អាយុយឺនយូរ
ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ?
13ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់
និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។
14ចូរចៀសចេញពីអំពើអាក្រក់
ហើយប្រព្រឹត្តអំពើល្អវិញ
ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
15ព្រះនេត្រព្រះយេហូវ៉ា
ទតឆ្ពោះទៅរកមនុស្សសុចរិត
ហើយព្រះកាណ៌ព្រះអង្គ
ផ្ទៀងស្តាប់សម្រែករបស់គេ។
16ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក
ដែលប្រព្រឹត្តអាក្រក់
ដើម្បីកុំឲ្យមនុស្សនៅលើផែនដី
នឹកចាំពីគេតទៅទៀត។
17ពេលមនុស្សសុចរិតស្រែករកជំនួយ
ព្រះយេហូវ៉ាព្រះសណ្ដាប់
ហើយព្រះអង្គក៏រំដោះគេឲ្យរួច
ពីគ្រប់ទុក្ខលំបាករបស់គេ។
18ព្រះយេហូវ៉ាគង់នៅជិតអ្នក
ដែលមានចិត្តខ្ទេចខ្ទាំ
ហើយសង្គ្រោះអស់អ្នក
ដែលមានវិញ្ញាណសោកសង្រេង។
19មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន
តែព្រះយេហូវ៉ារំដោះគេឲ្យរួច
ពីទុក្ខលំបាកទាំងអស់។
20ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ
មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។
21អំពើអាក្រក់នឹងសម្លាប់មនុស្សពាល
ហើយអស់អ្នកដែលស្អប់មនុស្សសុចរិត
នឹងត្រូវទទួលទោស។
22ព្រះយេហូវ៉ាលោះជីវិត
ពួកអ្នកបម្រើរបស់ព្រះអង្គ
ហើយក្នុងចំណោមអស់អ្នក
ដែលពឹងជ្រកក្នុងព្រះអង្គ
គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies