កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។ ៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។ នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់ តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។ ៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។ មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា នឹងទទួលទឹកដីជាមត៌ក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។
អាន ទំនុកតម្កើង 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 37:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ