ទំនុកតម្កើង 37:1-22

ទំនុកតម្កើង 37:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នក ដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ ដ្បិត​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។ ៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។ ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។ ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។ ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​ក្តៅ​ចិត្ត​នឹង​អ្នក ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។ ៙ ចូរ​រម្ងាប់​កំហឹង ហើយ​បោះ‌បង់​ចិត្តក្រេវ​ក្រោធ​ចោល​ចេញ កុំ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​ចិត្ត​ក្ដៅ​ក្រហាយ នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​តែ​ប៉ុណ្ណោះ។ ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា នឹង​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។ នៅតែ​បន្តិច​ទៀត មនុស្ស​អាក្រក់ នឹងលែង​មាន​ទៀត​ហើយ ទោះ​បើ​អ្នក​ខំ​រក​មើល​កន្លែង​គេ ក៏​គេ​មិន​នៅទី​នោះ​ទៀតដែរ។ រីឯ​មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មត៌ក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។ ៙ មនុស្ស​អាក្រក់ គេ​បង្កើត​គម្រោង​ការ​អាក្រក់ ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត តែ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។ ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នក ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់ តែ​ដាវ​របស់​គេ​នឹង​ចាក់​ចូល ទៅ​ក្នុង​បេះ​ដូង​ខ្លួន​គេវិញ ហើយ​ធ្នូរ​របស់​គេ​នឹង​ត្រូវ​បែក​បាក់។ ទ្រព្យ​បន្តិច​បន្តួច​ដែល​មនុស្ស​សុចរិត​មាន នោះ​វិសេស​ជាងទ្រព្យ​សម្បត្តិ​បរិបូរ របស់​មនុស្ស​អាក្រក់​ជា​ច្រើន​នាក់។ ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌យេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត។ ៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។ ៙ ឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​នឹង​សាប​សូន្យ​ទៅ គឺ​នឹង​រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង។ មនុស្ស​អាក្រក់​ខ្ចី​គេ តែ​មិន​សង​វិញ​ឡើយ ឯ​មនុស្ស​សុចរិត​វិញ មាន​ចិត្ត​សទ្ធា ហើយ​ចេះ​ឲ្យ​ទៅ​អ្នក​ដទៃ ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។

ទំនុកតម្កើង 37:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។ ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។ ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។ ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។ នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។ រីឯ​មនុស្ស​ទន់‌ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។ មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ព្រះអង្គ​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។ មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះ‌ដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។ ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ របស់​មនុស្ស​អាក្រក់ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ព្រះអង្គ​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។ ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង ព្រះអង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។ នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។ រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់ ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។ មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។

ទំនុកតម្កើង 37:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ ដ្បិត​នៅ​បន្តិច​ទៀត គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅ ដូច​ជា​ស្មៅ​ខ្ចី​ដែរ។ ៙ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ យ៉ាង​នោះ អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែត​ខ្លួន​ដោយ​សេចក្ដី​ពិត ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ‌យេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញ ដូច​ជា​ពន្លឺ ហើយ​សេចក្ដី​យុត្តិ‌ធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះ កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ផែនដី​ជា​មរដក ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។ ៙ ចំណែក​មនុស្ស​អាក្រក់ គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេ ដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់ ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយ​ដំឡើង​ធ្នូ​ទុក ដើម្បី​នឹង​ទំលាក់​មនុស្ស​ទ័ល‌ក្រ ហើយ​នឹង​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់ តែ​ដាវ​គេ​នឹង​ចាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​គេ​វិញ ហើយ​ធ្នូ​គេ​នឹង​ត្រូវ​បាក់ ឯ​របស់​បន្តិច‌បន្តួច​នៃ​មនុស្ស​សុចរិត នោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់ ជា​ច្រើន​នាក់​ទៅ​ទៀត ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។ ៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់ មនុស្ស​ទៀត​ត្រង់ ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។ ៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀម គេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយ តែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់ នោះ​នឹង​បាន​ផែនដី​ជា​មរដក តែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញ នោះ​នឹង​ត្រូវ​កាត់​ចោល​ចេញ។