ទំនុកតម្កើង 44
44
ទុក្ខសោករបស់ជាតិ និងពាក្យអធិស្ឋានសុំជំនួយ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ជាសេចក្ដីបង្រៀន។
1ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក
បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ
អំពីកិច្ចការដែលព្រះអង្គបានធ្វើ
នៅជំនាន់របស់លោក
គឺនៅសម័យចាស់បុរាណថា
2ព្រះអង្គបានបណ្តេញសាសន៍នានាចេញ
ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់
ហើយបានដាំអ៊ីស្រាអែលជំនួសវិញ
ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ
តែបានធ្វើឲ្យអ៊ីស្រាអែលពង្រីកទឹកដី។
3ដ្បិតគេមិនបានចាប់យកស្រុកនោះ
ដោយដាវរបស់ខ្លួនឡើយ
ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ
គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ
ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
4៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ
ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ
ដល់ពួកយ៉ាកុប!
5ដោយសារព្រះនាមព្រះអង្គ
យើងខ្ញុំបានច្រានផ្ដួលសត្រូវ
ដោយសារព្រះនាមព្រះអង្គ
យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា
ទាស់នឹងយើងខ្ញុំ។
6ដ្បិតទូលបង្គំមិនទុកចិត្ត
នឹងធ្នូរបស់ទូលបង្គំឡើយ
ហើយដាវទូលបង្គំក៏មិនអាច
សង្គ្រោះទូលបង្គំបានដែរ។
7ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះយើងខ្ញុំឲ្យរួចពីសត្រូវ
ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាស។
8យើងខ្ញុំបានអួតពីព្រះជាដរាបរាល់ថ្ងៃ
ហើយយើងនឹងអរព្រះគុណ
ដល់ព្រះនាមព្រះអង្គ រហូតតទៅ។ –បង្អង់
9៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបាន
បោះបង់ចោលយើងខ្ញុំ
ហើយបានធ្វើឲ្យយើងខ្ញុំបាក់មុខ
ក៏មិនបានយាងចេញទៅជាមួយពលទ័ព
របស់យើងខ្ញុំទៀតដែរ។
10ព្រះអង្គបានធ្វើឲ្យយើងខ្ញុំដកថយពីសត្រូវ
ហើយអស់អ្នកដែលស្អប់យើងខ្ញុំ
គេរឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ។
11ព្រះអង្គធ្វើឲ្យយើងខ្ញុំដូចជាចៀម
ដែលគេយកទៅសម្លាប់
ក៏បានធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅ
នៅកណ្ដាលពួកសាសន៍ដទៃ។
12ព្រះអង្គបានលក់ប្រជារាស្ត្រព្រះអង្គ
យ៉ាងថោកបំផុត
ដោយមិនបានទារតម្លៃខ្ពស់ឡើយ។
13៙ ព្រះអង្គធ្វើឲ្យយើងខ្ញុំត្រឡប់ជាទីត្មះតិះដៀល
ដល់សាសន៍ជិតខាងរបស់យើងខ្ញុំ
ជាទីចំអកឡកឡឺយដល់អស់ទាំងសាសន៍
ដែលនៅជុំវិញយើងខ្ញុំ។
14ព្រះអង្គធ្វើឲ្យយើងខ្ញុំទៅជាពាក្យបង្អាប់
ក្នុងចំណោមសាសន៍ដទៃ
ហើយជាទីសើចចំអកក្នុងចំណោម
ប្រជាជនទាំងឡាយ។
15រាល់ថ្ងៃ ភាពអាប់យសរបស់ទូលបង្គំ
នៅមុខទូលបង្គំជានិច្ច
ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំហើយ
16ដោយព្រោះសំឡេងរបស់ពួកអ្នក
ដែលប្រមាថមើលងាយ
នៅចំពោះខ្មាំងសត្រូវ
និងពួកអ្នកដែលសងសឹង។
17៙ ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ
ប៉ុន្តែ យើងខ្ញុំមិនបានភ្លេចព្រះអង្គឡើយ
ក៏មិនបានក្បត់នឹងសេចក្ដីសញ្ញា
របស់ព្រះអង្គដែរ។
18ចិត្តយើងខ្ញុំមិនបានបែរក្រោយទេ
ជំហានយើងខ្ញុំក៏មិនបានឈានចេញពីផ្លូវ
របស់ព្រះអង្គដែរ
19តែព្រះអង្គបានបំបាក់យើងខ្ញុំ
នៅកន្លែងដែលមានឆ្កែព្រៃ
ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់។
20៙ ប្រសិនបើយើងខ្ញុំបានភ្លេច
ព្រះនាមព្រះរបស់យើងខ្ញុំ
ឬប្រទូលដៃទៅរកព្រះដទៃណាមួយ
21នោះតើព្រះមិនទតឃើញទេឬ?
ដ្បិតព្រះអង្គជ្រាបពីសេចក្ដី
ដែលលាក់ទុកនៅក្នុងចិត្ត។
22ដោយព្រោះព្រះអង្គ
យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច
ហើយក៏រាប់ទុកដូចជាចៀម
ដែលត្រូវយកទៅសម្លាប់ ។
23៙ ឱព្រះអម្ចាស់អើយ សូមតើនឡើង!
ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ?
សូមក្រោកឡើង
កុំបោះបង់ចោលយើងខ្ញុំជារហូតឡើយ!
24ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ?
ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា
និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ?
25ដ្បិតព្រលឹងយើងខ្ញុំស្រុតចុះដល់ធូលីដីហើយ
ខ្លួនប្រាណយើងខ្ញុំក៏ជាប់នៅនឹងដីដែរ។
26សូមក្រោកឡើង សូមយាងមកជួយយើងខ្ញុំផង!
សូមលោះយើងខ្ញុំ ដោយយល់ដល់
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 44: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies