ទំនុកតម្កើង 50
50
យញ្ញបូជាដែលព្រះសព្វព្រះហឫទ័យ
ទំនុករបស់លោកអេសាភ។
1ព្រះ គឺព្រះដ៏មានឥទ្ធិឫទ្ធិ
ព្រះអង្គជាព្រះយេហូវ៉ា
ព្រះអង្គបានមានព្រះបន្ទូល
ហើយព្រះអង្គកោះហៅផែនដី
ចាប់តាំងពីទិសថ្ងៃរះ រហូតដល់ទិសថ្ងៃលិច។
2ព្រះភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន
ដែលជាទីក្រុងដ៏មាន
សោភ័ណភាពគ្រប់លក្ខណ៍។
3ព្រះនៃយើងខ្ញុំទ្រង់យាងមក
ទ្រង់មិននៅស្ងៀមទេ
មានភ្លើងឆេះនៅចំពោះព្រះអង្គ
ហើយនៅព័ទ្ធជុំវិញព្រះអង្គ មានព្យុះសង្ឃរា។
4ព្រះអង្គកោះហៅផ្ទៃមេឃនៅខាងលើ
និងផែនដី
ដើម្បីជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គថា
5«ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់យើង
ឲ្យមកជួបយើង
គឺពួកអ្នកដែលបានតាំងសញ្ញាជាមួយយើង
ដោយថ្វាយយញ្ញបូជា!»
6ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ដ្បិតព្រះអង្គផ្ទាល់ជាចៅក្រម។ –បង្អង់
7៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ
ចូរស្តាប់ចុះ យើងនឹងពោល
ឱអ៊ីស្រាអែលអើយ
យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក
យើងជាព្រះ គឺជាព្រះរបស់អ្នក។
8យើងមិនមែនបន្ទោសអ្នក
ដោយព្រោះយញ្ញបូជាដែលអ្នកថ្វាយនោះទេ
ឯតង្វាយដុតរបស់អ្នក
តែងតែនៅចំពោះយើងជានិច្ច។
9យើងមិនទទួលគោឈ្មោលពីផ្ទះរបស់អ្នក
ឬពពែឈ្មោលពីក្រោលរបស់អ្នកឡើយ។
10ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ
សុទ្ធតែជារបស់យើង
ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។
11យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ
ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល
ក៏ជារបស់យើងដែរ។
12៙ ប្រសិនបើយើងឃ្លាន
យើងមិនបាច់ប្រាប់អ្នកឡើយ
ព្រោះពិភពលោក និងអ្វីៗសព្វសារពើ
នៅក្នុងពិភពនេះជារបស់យើង ។
13តើយើងបរិភោគសាច់គោឈ្មោល
ឬផឹកឈាមពពែឈ្មោលឬ?
14ចូរថ្វាយយញ្ញបូជា ជាការអរព្រះគុណដល់ព្រះ
ហើយត្រូវលាបំណន់
ដែលអ្នកបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង។
15នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ
យើងនឹងរំដោះអ្នក
ហើយអ្នកនឹងលើកតម្កើងយើង»។
16៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់
ព្រះមានព្រះបន្ទូលថា
«តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង
ឬពីសេចក្ដីសញ្ញារបស់យើង
ជាប់នឹងមាត់ឯងដូច្នេះ?
17ដ្បិតអ្នកស្អប់ការប្រៀនប្រដៅ
ហើយច្រានចោលពាក្យយើងទៅក្រោយខ្នង។
18ប្រសិនបើអ្នកឃើញចោរ
អ្នកក៏សេពគប់ជាមួយគេ
ហើយចូលដៃជាមួយពួកផិតក្បត់ទៀតផង។
19អ្នកបានប្រគល់មាត់របស់អ្នក
ទៅបម្រើសេចក្ដីអាក្រក់
ហើយអណ្ដាតអ្នកតែងបង្កើតចេញ
នូវពាក្យបោកប្រាស់។
20អ្នកអង្គុយនិយាយដើមបងប្អូនរបស់ខ្លួន
អ្នកនិយាយបង្កាច់បងប្អូនពោះមួយរបស់អ្នក។
21អ្នកបានប្រព្រឹត្តអំពើទាំងនេះ
តែយើងបាននៅស្ញៀម
អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ
តែឥឡូវនេះ យើងបន្ទោសអ្នក
ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។
22ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះអើយ
ចូរពិចារណាសេចក្ដីនេះចុះ
ក្រែងយើងហែកអ្នកឲ្យខ្ទេច
ហើយគ្មានអ្នកណារំដោះបាន។
23អ្នកណាដែលថ្វាយពាក្យអរព្រះគុណ
ទុកជាយញ្ញបូជា
អ្នកនោះលើកតម្កើងយើង
ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ
ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 50: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies