ទំនុកតម្កើង 51
51
ពាក្យអធិស្ឋានសូមការលាងសម្អាត និងការលើកលែងទោស
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង នៅពេលហោរាណាថាន់បានមកគាល់ស្ដេច ក្រោយពេលទ្រង់បានចូលទៅឯនាងបាតសេបា។
1ឱព្រះអើយ
សូមអាណិតមេត្តាទូលបង្គំ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ
តាមព្រះហឫទ័យមេត្តាករុណា
ដ៏បរិបូររបស់ព្រះអង្គ។
2សូមលាងទូលបង្គំឲ្យបានស្អាត
ពីអំពើទុច្ចរិតរបស់ទូលបង្គំ
ហើយសូមសម្អាតទូលបង្គំពីអំពើបាបផង!
3ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលង
របស់ទូលបង្គំហើយ
ឯអំពើបាបរបស់ទូលបង្គំ
នៅចំពោះមុខទូលបង្គំជានិច្ច។
4ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ
គឺទាស់នឹងព្រះអង្គតែមួយគត់
ហើយបានប្រព្រឹត្តអំពើអាក្រក់
នៅចំពោះព្រះនេត្រព្រះអង្គ
ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត
ពេលព្រះអង្គមានព្រះបន្ទូល
ហើយព្រះអង្គឥតសៅហ្មង
ពេលព្រះអង្គជំនុំជម្រះ។
5មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត
ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
6មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត
នៅក្នុងជម្រៅចិត្តមនុស្ស
ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា
នៅក្នុងចិត្តដែលលាក់កំបាំង។
7សូមជម្រះទូលបង្គំដោយមែកហ៊ីសុប
នោះទូលបង្គំនឹងបានជ្រះស្អាត
សូមលាងសម្អាតទូលបង្គំ
នោះទូលបង្គំនឹងបានសជាងហិមៈ ។
8សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ
និងសេចក្ដីរីករាយ
សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់
អរសប្បាយឡើងវិញ។
9សូមបាំងព្រះភក្ត្រព្រះអង្គ
ចេញពីអំពើបាបរបស់ទូលបង្គំ
ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន
របស់ទូលបង្គំទៅ។
10ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ
នៅក្នុងទូលបង្គំ
ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
11សូមកុំបោះបង់ទូលបង្គំ
ចេញពីព្រះវត្តមានព្រះអង្គ
ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ
របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។
12សូមប្រោសប្រទានឲ្យទូលបង្គំ
មានអំណរចំពោះការសង្គ្រោះ
របស់ព្រះអង្គឡើងវិញ
ហើយសូមជួយទូលបង្គំ
ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
13នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ
ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង
ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។
14ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ
សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម
នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង
អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
15ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ
នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
16ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ
នឹងយញ្ញបូជាទេ
ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត
នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
17យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ
គឺវិញ្ញាណខ្ទេចខ្ទាំ
ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ
និងចិត្តសោកស្ដាយឡើយ។
18៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស
ដល់ក្រុងស៊ីយ៉ូន
តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ
សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង
19ពេលនោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ
នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ
ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង
ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនា
របស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 51: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies