ទំនុកតម្កើង 9
9
ព្រះចេស្ដា និងសេចក្ដីយុត្តិធម៌របស់ព្រះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងតាមបទ «កូនប្រុសស្លាប់ហើយ»។
1ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ
របស់ព្រះអង្គ
2ទូលបង្គំនឹងអរសប្បាយ
ហើយរីករាយក្នុងព្រះអង្គ
ឱព្រះដ៏ខ្ពស់បំផុតអើយ
ទូលបង្គំនឹងច្រៀងតម្កើងព្រះនាមព្រះអង្គ។
3កាលពួកខ្មាំងសត្រូវរបស់ទូលបង្គំថយទៅ
គេជំពប់ដួល ហើយវិនាសនៅចំពោះព្រះអង្គ។
4ដ្បិតព្រះអង្គបានរក្សារឿងក្ដីដ៏ទៀងត្រង់
របស់ទូលបង្គំ
ព្រះអង្គគង់នៅលើបល្ល័ង្ក
ទាំងជំនុំជម្រះដោយសុចរិត។
5ព្រះអង្គបានបន្ទោសសាសន៍នានា
ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស
ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់
ជារៀងរហូតតទៅ។
6ខ្មាំងសត្រូវបានវិនាសអន្តរាយអស់កល្បជានិច្ច
ព្រះអង្គបានដករំលើងទីក្រុងនានារបស់គេ
សេចក្ដីនឹកចាំពីពួកគេក៏បាត់ឈឹងទៅដែរ។
7ប៉ុន្តែ ព្រះយេហូវ៉ាគ្រងរាជ្យអស់កល្បជានិច្ច
ព្រះអង្គតាំងបល្ល័ង្ករបស់ព្រះអង្គដើម្បីជំនុំជម្រះ
8ព្រះអង្គជំនុំជម្រះមនុស្សលោក
ដោយសេចក្ដីសុចរិត
ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ
ដោយយុត្តិធម៌។
9ព្រះយេហូវ៉ាជាទីពឹងជ្រក
ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
គឺជាទីពឹងជ្រកនៅគ្រាលំបាក។
10អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ
គេទុកចិត្តដល់ព្រះអង្គ
ដ្បិត ឱព្រះយេហូវ៉ាអើយ
ព្រះអង្គមិនបានបោះបង់អស់អ្នក
ដែលស្វែងរកព្រះអង្គឡើយ។
11ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា
ដែលគង់នៅក្រុងស៊ីយ៉ូន!
ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ
ពីស្នាព្រះហស្តរបស់ព្រះអង្គ!
12ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ
ព្រះអង្គនឹកចាំពីអ្នកទាំងនោះ
ព្រះអង្គមិនភ្លេចសម្រែក
របស់មនុស្សរងទុក្ខឡើយ។
13ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំ
សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ
ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង
ព្រះអង្គហើយ
ដែលលើកទូលបង្គំឡើង
ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14ដើម្បីឲ្យទូលបង្គំបានថ្លែងពី
អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ
នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន
ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។
15សាសន៍នានាបានផុង
ទៅក្នុងរណ្តៅដែលគេបានជីក
ជើងរបស់គេក៏ជាប់អន្ទាក់
ដែលខ្លួនគេបានបង្កប់ទុក។
16ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់
ព្រះអង្គបានសម្រេចដោយយុត្តិធម៌
មនុស្សអាក្រក់បានជាប់អន្ទាក់
ដោយការដែលដៃរបស់គេធ្វើ។
ប្រគំភ្លេងស្រងូត -បង្អង់
17មនុស្សអាក្រក់នឹងត្រូវវិលទៅរក
ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។
18ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ
ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
19ឱព្រះយេហូវ៉ាអើយ សូមតើនឡើង
សូមកុំឲ្យមនុស្សលោកឈ្នះឡើយ
សូមឲ្យសាសន៍នានារងការជំនុំជម្រះ
នៅចំពោះព្រះអង្គ។
20ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកគេភិតភ័យ
សូមឲ្យសាសន៍ទាំងឡាយដឹងខ្លួនថា
គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ –បង្អង់
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies