ទំនុកតម្កើង 10

10
ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​អង្គ​ទ្រង់
នៅ​គ្រា​ដែល​មាន
ទុក្ខ​លំបាក​ដូច្នេះ?
2មនុស្ស​អាក្រក់​បៀត‌បៀន
មនុស្ស​ក្រីក្រទាំង​ព្រហើន
សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ
ដែល​គេ​បង្កើត​នោះទៅ។
3ដ្បិត​មនុស្ស​អាក្រក់តែង​អួត​ពី​បំណង​ចិត្ត
ដែល​ខ្លួន​ប្រាថ្នា
ឯ​មនុស្ស​លោភលន់ គេ​ជេរ​ប្រមាថ
ហើយ​បោះ​បង់​ព្រះ‌យេហូវ៉ា។
4មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា
"ព្រះ​មិន​រវីរវល់​អ្វី​ឡើយ"
ឯ​អស់​ទាំង​គំនិត​របស់​គេ​តែង​គិត​ថា
"គ្មាន​ព្រះ​ណា​ទេ"។
5ផ្លូវ​របស់​គេ​សុទ្ធ​តែ​ចម្រើន​ឡើងជានិច្ច
ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ​នៅ​ខ្ពស់
ហួស​ពី​ភ្នែក​របស់​គេ
គេ​បូញ​មាត់​ឡក‌ឡឺយដាក់​បច្ចា‌មិត្ត​របស់​គេ។
6គេ​នឹក​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ
អញ​មិន​ជួប​ទុក្ខ​លំបាក
ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ»។
7មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ
ពាក្យបោក​បញ្ឆោត និង​ពាក្យ​កំណាច
នៅ​ក្រោម​អណ្ដាត​គេ​មាន​ពាក្យ​អពមង្គល
និង​ទុច្ចរិត។
8គេ​អង្គុយ​ពួន​ស្ទាក់​នៅ​តាម​ភូមិ
នៅ​កន្លែង​ស្ងាត់​កំបាំង
គេ​សម្លាប់​មនុស្សស្លូត​ត្រង់
ភ្នែក​គេ​តាម​ឃ្លាំមើល​មនុស្ស​ទុគ៌ត
9គេ​ពួន​ចាំ​នៅ​ទី​សម្ងាត់ ដូច​សិង្ហ​សម្ងំ​នៅ​ក្នុង​រូង
គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ
គេ​ចាប់​មនុស្សក្រី​ក្រ
ដោយ​ទាញ​គេ​មក​ក្នុង​មង​របស់​ខ្លួន។
10មនុស្ស​ទុគ៌ត​ត្រូវ​ខ្ទេច​ខ្ទី ហើយ​លិច​លង់
ក៏​ដួល​ទៅ​ក្នុង​អំណាច​របស់​គេ។
11គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ
ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ
ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។
12ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង
ឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ឡើង
សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ។
13ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​មើល‌ងាយ​ព្រះ
ហើយ​គិត​ក្នុង​ចិត្ត​ថា
«ព្រះ‌អង្គ​មិន​រក​រឿង​អញ​ទេ» ដូច្នេះ?
14តែ​ព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ
ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទុក្ខ​លំបាក
និង​ការ​ឈឺ​ចាប់
ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​គេ
មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ
មនុស្ស​ទុគ៌ត​ផ្ញើ​ខ្លួន​នឹង​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​អ្នក​ជំនួយ​ដល់​ក្មេង​កំព្រា។
15សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់
និង​មនុស្ស​ពាល
សូម​ដាក់​ទោសគេ
ដើម្បី​កុំ​ឲ្យ​គេប្រព្រឹត្ត​អំពើ​អាក្រក់ទៀត។
16ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ
ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច
សាសន៍​ដទៃ​នឹង​ត្រូវ​វិនាស
អស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។
17ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង
របស់​មនុស្ស​ទន់​ទាប
ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ
ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់
18ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​កំព្រា
និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក
អាចបំភិត​បំភ័យ​គេ​ត​ទៅ​ទៀត។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល