ទំនុកតម្កើង 96
96
ចូរសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គយាងមកជំនុំជម្រះ
1ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា
ឱផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះយេហូវ៉ា!
2ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ចូរសរសើរតម្កើងព្រះនាមព្រះអង្គ
ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។
3ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ
ក្នុងចំណោមជាតិសាសន៍នានា
និងពីការអស្ចារ្យរបស់ព្រះអង្គ
ក្នុងចំណោមប្រជាជនទាំងឡាយ!
4ដ្បិតព្រះយេហូវ៉ាប្រសើរឧត្តម
ហើយគួរសរសើរក្រៃលែង
ព្រះអង្គគួរជាទីស្ញែងខ្លាច
លើសជាងអស់ទាំងព្រះ។
5ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា
សុទ្ធតែជារបស់ឥតប្រយោជន៍
តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
6កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ
ឥទ្ធិឫទ្ធិ និងសោភ័ណភាព
នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។
7ចូរលើកតម្កើងព្រះយេហូវ៉ា
អស់ទាំងពូជពង្សនៃប្រជាជនទាំងឡាយអើយ
ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា។
8ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា
ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ
ចូរនាំយកតង្វាយចូលមកក្នុងទីលាន
របស់ព្រះអង្គ!
9ចូរថ្វាយបង្គំព្រះយេហូវ៉ា
ដោយពាក់គ្រឿងដ៏បរិសុទ្ធ
ឱផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!
10ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា
«ព្រះយេហូវ៉ាសោយរាជ្យ!
អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន
ឥតរង្គើសោះឡើយ
ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ
ដោយយុត្តិធម៌»។
11ចូរឲ្យផ្ទៃមេឃរីករាយឡើង
ហើយឲ្យផែនដីបានត្រេកអរ
ចូរឲ្យសមុទ្រលាន់ឮកងរំពង
ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ
12ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ
សប្បាយរីករាយឡើង!
នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា
នឹងច្រៀងដោយអំណរ
13នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក
ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។
ព្រះអង្គនឹងជំនុំជម្រះពិភពលោក
ដោយសេចក្ដីសុចរិត
ហើយជំនុំជម្រះប្រជាជនទាំងឡាយ
ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 96: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies