ទំនុកតម្កើង 97

97
សិរីល្អ​នៃ​ព្រះ‌រាជ្យរបស់​ព្រះ
1ព្រះ‌យេហូវ៉ា​សោយ​រាជ្យ
ចូរ​ឲ្យ​ផែនដី​បាន​ត្រេក​អរ
ចូរ​ឲ្យ​កោះ​ជា​ច្រើន​រីក​រាយ​ឡើង!
2មាន​ពពកយ៉ាង​ក្រាស់
ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ
សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌
ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។
3មាន​ភ្លើង​ចេញ​ទៅ​នៅ​មុខ​ព្រះ‌អង្គ
ហើយ​បញ្ឆេះបច្ចា‌មិត្ត​របស់​ព្រះ‌អង្គ
ដែល​នៅ​ជុំ‌វិញ។
4ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ក៏​បំភ្លឺ​ពិភព​លោក
ផែនដីក៏​ឃើញ ហើយ​ញាប់‌ញ័រ។
5ភ្នំ​ទាំង​ឡាយ​រលាយ​ដូច​ក្រមួន
នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
គឺ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។
6ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ហើយ​ប្រជាជន​ទាំង​អស់
ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។
7អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់
គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ
ដែល​ឥត​ប្រយោជន៍​របស់​គេ។
នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!
8ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ
ហើយ​រីករាយ
ពួក​កូន​ស្រី នៃ​សាសន៍​យូដា​មាន​ចិត្ត​ត្រេក​អរ
ដោយ​ព្រោះ​ការជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ។
9ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
នៅ​លើ​ផែនដី​ទាំង​មូល
ព្រះ‌អង្គ​បាន​ថ្កើង​ឡើងលើស​ជាង​អស់​ទាំង​ព្រះ។
10ឱ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​អើយ
ចូរ​ស្អប់​អំពើ​អាក្រក់!
ព្រះ‌អង្គ​ការ​ពារ​ជីវិត​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
មនុស្ស​អាក្រក់។
11មាន​ពន្លឺ​បាន​សាប​ព្រោះ
សម្រាប់​មនុស្ស​សុចរិត
ហើយ​អំណរសម្រាប់​មនុស្ស
ដែល​មាន​ចិត្ត​ទៀង​ត្រង់។
12ឱ​មនុស្ស​សុចរិត​អើយ
ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នាម​បរិសុទ្ធ
របស់​ព្រះ‌អង្គ​ចុះ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 97: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល