លោកុប្បត្តិ 6
6
សម្រេចដាក់ទោសមនុស្សលោក
1នៅពេលមនុស្សចាប់ផ្ដើមកើនឡើងនៅលើផ្ទៃផែនដី ហើយមានកូនស្រីជាច្រើនកើតមកដល់ពួកគេ 2ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។ 3ព្រះយេហូវ៉ាមានបន្ទូលថា៖ “វិញ្ញាណរបស់យើងនឹងមិនស្ថិតនៅក្នុងមនុស្ស#6:3 មិនស្ថិតនៅក្នុងមនុស្ស―ន័យត្រង់គឺ “មិនជំទាស់នៅក្នុងមនុស្ស”។ជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ។ ដូច្នេះអាយុរបស់គេនឹងបានត្រឹមមួយរយម្ភៃឆ្នាំ”។ 4មានមនុស្សធំសម្បើមនៅលើផែនដីក្នុងគ្រានោះ និងក្រោយមកដែរ គឺពេលដែលពួកកូនប្រុសរបស់ព្រះបានចូលទៅឯពួកកូនស្រីរបស់មនុស្ស ហើយពួកនាងបានបង្កើតកូនឲ្យពួកគេ។ ពួកគេជាមនុស្សខ្លាំងពូកែនាសម័យបុរាណ ជាមនុស្សមានកេរ្តិ៍ឈ្មោះ។
5ព្រះយេហូវ៉ាទតឃើញថាការអាក្រក់របស់មនុស្សមានច្រើននៅលើផែនដី ហើយគ្រប់ទាំងបំណងនៃគំនិតក្នុងចិត្តគេសុទ្ធតែអាក្រក់វាល់ព្រឹកវាល់ល្ងាច។ 6ព្រះយេហូវ៉ាទ្រង់ស្ដាយដែលបានបង្កើតមនុស្សនៅលើផែនដី ព្រមទាំងព្រួយព្រះហឫទ័យផង។ 7ដូច្នេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងនឹងលុបមនុស្សដែលយើងបាននិម្មិតបង្កើត ចេញពីផ្ទៃផែនដី គឺចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស ដ្បិតយើងស្ដាយដែលបានបង្កើតពួកគេ”។ 8ប៉ុន្តែណូអេរកបានសេចក្ដីសន្ដោសនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា។
ណូអេ និងទូកធំ
9នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។ 10ណូអេបានបង្កើតកូនប្រុសបីនាក់ គឺសិម ហាំ និងយ៉ាផែត។
11ពេលនោះ ផែនដីបានខូចអាក្រក់នៅចំពោះព្រះ ហើយផែនដីពោរពេញទៅដោយអំពើហិង្សា។ 12ព្រះបានទតមើលផែនដី នោះមើល៍! វាបានខូចអាក្រក់ ដ្បិតមនុស្សទាំងអស់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។ 13ព្រះមានបន្ទូលនឹងណូអេថា៖ “ចុងបញ្ចប់នៃមនុស្សទាំងអស់មកនៅចំពោះយើងហើយ ដ្បិតផែនដីពោរពេញទៅដោយអំពើហិង្សាដោយសារតែវត្តមានរបស់ពួកគេ ដូច្នេះ មើល៍! យើងនឹងបំផ្លាញពួកគេជាមួយផែនដី។
14“ចូរអ្នកធ្វើទូកធំមួយពីឈើស្រល់សម្រាប់ខ្លួនអ្នក ហើយខណ្ឌជាបន្ទប់ៗក្នុងទូកធំនោះ រួចពរជ័រទាំងក្នុងទាំងក្រៅផង។ 15អ្នកត្រូវធ្វើទូកធំនោះយ៉ាងដូច្នេះ គឺបណ្ដោយទូកធំ ៣០០ ហត្ថ#6:15 ៣០០ ហត្ថ―ស្មើនឹង 137 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។ ទទឹង ៥០ ហត្ថ#6:15 ៥០ ហត្ថ―ស្មើនឹង 23 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។ និងកម្ពស់ ៣០ ហត្ថ#6:15 ៣០ ហត្ថ―ស្មើនឹង 14 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។។ 16អ្នកត្រូវធ្វើបង្អួចដំបូលមួយសម្រាប់ទូកធំ ហើយភ្ជាប់វាត្រឹម ១ ហត្ថពីកំពូលដំបូល ក៏ត្រូវដាក់ទ្វារទូកធំនៅខាងចំហៀងវា។ អ្នកត្រូវធ្វើជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
17“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។ 18ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំ គឺអ្នក ពួកកូនប្រុសរបស់អ្នក ប្រពន្ធរបស់អ្នក និងប្រពន្ធរបស់ពួកកូនប្រុសអ្នក ដែលនៅជាមួយអ្នក។ 19រីឯចំពោះអស់ទាំងសត្វមានជីវិតនៃគ្រប់ទាំងសាច់ អ្នកត្រូវនាំមួយគូៗពីសត្វគ្រប់ប្រភេទទៅក្នុងទូកធំ គឺមានឈ្មោលមួយ ញីមួយ ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។ 20សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។ 21មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។ 22ណូអេក៏ធ្វើដូច្នោះ គឺគាត់បានធ្វើតាមអ្វីៗទាំងអស់ដែលព្រះបានបង្គាប់គាត់៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 6: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative