Luke 17
17
1 ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «សេចក្ដីដែលនាំឲ្យជំពប់ដួលត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់អ្នកណាដែលនាំឲ្យមានសេចក្ដីជំពប់ដួល
2 ហើយស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្ម ហើយទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងឲ្យអ្នកនោះធ្វើឲ្យអ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះជំពប់ដួល។
3 ចូរប្រយ័ត្នខ្លួន បើបងប្អូនរបស់អ្នកប្រព្រឹត្ដបាប ចូរទូន្មានគាត់ ហើយបើគាត់ប្រែចិត្ដ ចូរលើកលែងទោសឲ្យគាត់ចុះ
4 បើគាត់ប្រព្រឹត្ដបាបទាស់នឹងអ្នកក្នុងមួយថ្ងៃប្រាំពីរដងក៏ដោយ ពេលណាគាត់ត្រលប់មកឯអ្នកប្រាំពីរដង ទាំងនិយាយថា ខ្ញុំប្រែចិត្ដហើយ នោះចូរលើកលែងទោសឲ្យគាត់ចុះ»។
5 ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមបន្ថែមជំនឿដល់យើងផង!»
6 ព្រះអម្ចាស់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយអ្នករាល់គ្នានិយាយទៅដើមមននេះថា ចូររលើងឫសទៅដុះក្នុងសមុទ្រទៅ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
7 ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលមានបាវបម្រើកំពុងភ្ជួរ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រលប់មកពីវាលវិញ តើនឹងប្រាប់គាត់ដែរឬថា ចូរមកអង្គុយបរិភោគអាហារភ្លាមមក?
8 ផ្ទុយទៅវិញ តើមិនប្រាប់ទេឬថា ចូររៀបចំអាហារឲ្យខ្ញុំបរិភោគ ហើយចាំបម្រើខ្ញុំរហូតដល់ខ្ញុំបរិភោគរួចសិន សឹមឯងបរិភោគតាមក្រោយចុះ?
9 តើចៅហ្វាយត្រូវអរគុណបាវបម្រើ ដោយព្រោះតែបាវបម្រើបានធ្វើកិច្ចការតាមបង្គាប់ឬ?
10 អ្នករាល់គ្នាក៏ដូច្នោះដែរ ពេលណាអ្នករាល់គ្នាធ្វើកិច្ចការទាំងអស់តាមបង្គាប់ ចូរអ្នករាល់គ្នានិយាយថា យើងជាបាវបម្រើដែលគ្មានតម្លៃ គឺយើងធ្វើអ្វីៗតាមតួនាទីរបស់យើងប៉ុណ្ណោះ»។
11 នៅពេលព្រះអង្គធ្វើដំណើរទៅឯក្រុងយេរូសាឡិម កាត់តាមព្រំប្រទល់ស្រុកសាម៉ារី និងស្រុកកាលីឡេ
12 ព្រះអង្គក៏យាងចូលទៅក្នុងភូមិមួយ ហើយបានជួបមនុស្សឃ្លង់ដប់នាក់ដែលឈរពីចម្ងាយ
13 ទាំងបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូអើយ! សូមមេត្ដាដល់យើងផង»។
14 ពេលព្រះអង្គឃើញក៏មានបន្ទូលទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃចុះ» ពេលពួកគេកំពុងទៅ ពួកគេក៏បានជាស្អាត។
15 កាលម្នាក់ក្នុងចំណោមពួកគេឃើញថា ខ្លួនបានជាស្អាតក៏ត្រលប់មកវិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗ
16 ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។
17 ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
18 ម្ដេចក៏មិនឃើញអ្នកទាំងនោះត្រលប់មកថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ លើកលែងតែសាសន៍ដទៃម្នាក់នេះដូច្នេះ?»
19 រួចព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង ហើយទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
20 កាលពួកអ្នកខាងគណៈផារិស៊ីបានសួរថា នគរព្រះជាម្ចាស់មកដល់នៅពេលណា នោះព្រះអង្គក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «នគរព្រះជាម្ចាស់មិនមែនមកដោយសង្កេតមើលឃើញឡើយ
21 គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22 រួចព្រះអង្គក៏មានបន្ទូលទៅពួកសិស្សថា៖ «នឹងមានថ្ងៃមួយមកដល់ នៅពេលដែលអ្នករាល់គ្នាចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស ប៉ុន្ដែអ្នករាល់គ្នាមើលមិនឃើញឡើយ។
23 ហើយពួកគេនឹងប្រាប់អ្នករាល់គ្នាថាមើល៍ នៅទីនេះ ឬមើល៍ នៅទីនោះ ចូរកុំចេញទៅក្រៅតាមពួកគេឲ្យសោះ
24 ដ្បិតផ្លេកបន្ទោរជះពន្លឺពីជើងមេឃម្ខាងទៅជើងមេឃម្ខាងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្សនឹងបានដូចជាយ៉ាងនោះដែរ។
25 ប៉ុន្ដែមុនដំបូង លោកត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវជំនាន់នេះបដិសេធទៀតផង។
26 នៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្ស នឹងមានកើតឡើងជាយ៉ាងនោះដែរ
27 ពួកគេស៊ីផឹក រៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏មកបំផ្លាញអ្វីៗទាំងអស់ទៅ
28 និងដូចជានៅសម័យលោកឡុតដែរ គឺពួកគេស៊ីផឹក លក់ដូរ ដាំដុះ និងសាងសង់
29 ប៉ុន្ដែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុម នោះមានភ្លើង និងស្ពាន់ធ័រធ្លាក់មកពីលើមេឃបំផ្លាញអ្វីៗទាំងអស់ទៅ។
30 វានឹងមានហេតុការណ៍ដូច្នោះដែរ នៅថ្ងៃកូនមនុស្សលេចមក។
31 នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយទៅយករបស់របរទេ។
32 ចូរនឹកចាំពីប្រពន្ធរបស់លោកឡុតចុះ។
33 ដ្បិតអ្នកណាដែលខិតខំរក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិត អ្នកនោះនឹងរក្សាជីវិតបានវិញ។
34 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ មនុស្សពីរនាក់នៅលើគ្រែតែមួយ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។
35 ឯស្ដ្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ
36 [បុរសពីរនាក់ដែលនៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ]»។
37 កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។
ទើបបានជ្រើសរើសហើយ៖
Luke 17: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.