Matthew 17
17
1 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់
2 ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ
3 ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង
4 លោកពេត្រុសទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលយើងបាននៅទីនេះ ប្រសិនបើព្រះអង្គព្រម ខ្ញុំនឹងធ្វើរោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
5 កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
6 ពេលពួកសិស្សស្ដាប់ឮ គេក៏ក្រាបផ្កាប់មុខទាំងភ័យខ្លាចជាខ្លាំង
7 ព្រះយេស៊ូក៏ចូលទៅជិត និងបានពាល់គេដោយមានបន្ទូលថា៖ «ចូរក្រោកឡើងកុំខ្លាចអី»
8 កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។
9 ពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះយេស៊ូមានបន្ទូលបង្គាប់ពួកគេថា៖ «កុំប្រាប់អ្នកណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ រហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញ»។
10 ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
11 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកអេលីយ៉ាមកមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ
12 តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង ហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។
13 ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។
14 កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ
15 ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្ដាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់
16 ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរ តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ»។
17 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំនៅទីនេះ»។
18 ព្រះយេស៊ូបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះ ក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមក។
19 បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?»
20 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ
21 ប៉ុន្ដែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ»។
22 កាលពួកគេមកជុំគ្នានៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស
23 គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្ដជាខ្លាំង។
24 កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?»
25 លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?»
26 គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ
27 ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
ទើបបានជ្រើសរើសហើយ៖
Matthew 17: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.