១ របាក្សត្រ 4

4
កុល‌សម្ព័ន្ធ​យូដា
1កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល ។ 2លោក​រីអា‌យ៉ា ជា​កូន​របស់​លោក​សូបាល បង្កើត​យ៉ា‌ហាត់ យ៉ាហាត់​បង្កើត​អហ៊ូ‌ម៉ាយ និង​ឡាហាដ អ្នក​ទាំង​នេះ​ជា​អំបូរ​សូរ៉ាត។ 3អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អេថាម​មាន យេស‌រាល យីមា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាស‌លែល‌ពូនី។ 4លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេ‌ស៊ើរ​ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម។
5លោក​អាស‌ហ៊ើរ ជា​អ្នក​សង់​ក្រុង​ត្កូអា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណា‌អារ៉ា។ 6នាង​ណាអា‌រ៉ា​បង្កើត​បាន​កូន​ប្រុស​ជូន​គាត់ ដែល​មាន​ឈ្មោះ​ថា អហូ‌សាំ ហេភើរ ថេម៉ា‌នី និង​អហាស‌ថារី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអា‌រ៉ា។ 7រីឯ​កូន​របស់​នាង​ហេឡា​មាន សេរ៉េត សូហារ និង​អេត‌ណាន។
8លោក​កោស​បង្កើត​អនូប និង​សូបេ‌បា ព្រម​ទាំង​អំបូរ​អខា‌ហែល ជា​កូន​របស់​ហារូម។
9លោក​យ៉ាបេស​ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បងប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។ 10លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។
11លោក​កេលូប ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មហ៊ោរ ជា​ឪពុក​របស់​អែស‌ថូន 12លោក​អែស‌ថូន​បង្កើត​បេត‌រ៉ាផា ផាសេ‌ហា និង​ថេហ៊ី‌ណា។ លោក​ថេហ៊ី‌ណា​ជា​អ្នក​សង់​ភូមិ​ណា‌ហាស។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។
13កូន​របស់​លោក​កេណាស​គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូធ្នាល​គឺ​ហាថាត 14និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។
15លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ មាន​កូន​ប្រុស​បី​នាក់​គឺ អ៊ីរូវ អេឡា និង​ណាអាម។ កូន​របស់​អេឡា គឺ​កេណាស។
16កូន​របស់​លោក​យេហា‌លែល​គឺ​ស៊ីភ‌ស៊ីផា ធារី‌យ៉ា និង​អសើ‌រ៉ែល។
17កូន​របស់​អែសរ៉ា​គឺ​យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេឌ​បាន​រៀបការ​ជា​មួយ​ព្រះ‌នាង​ប៊ីធា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។ 18រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន‌ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេ‌ដោរ ហេប៊ើរ​ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។
19លោក​ហូឌា​រៀបការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណា‌ហាំ ហើយ​ពូជ‌ពង្ស​របស់​គេ​គឺ​ពួក​កា‌មីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។
20កូន​របស់​លោក​ស៊ីម៉ូន​គឺ​អាំណូន រីនណា បេន-‌ហាណាន និង​ធីឡូន។ កូន​របស់​លោក​អ៊ីស៊ី​គឺ​សូហេត និង​បេន-‌សូហេត។
21កូន​ចៅ​របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ​អ៊ើរ ជា​អ្នក​សង់​ក្រុង​លេកា ឡាអា‌ដា ជា​អ្នក​សង់​ក្រុង​ម៉ារី‌សា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាស‌បេអា 22យ៉ូគីម អ្នក​ស្រុក​កូសេ‌បា យ៉ូអាស់ និង​សារ៉ាប់ ដែល​គ្រប់‌គ្រង​លើ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យ៉ាស៊ូប៊ី-‌លេហែម (នេះ​ជា​បញ្ជី​ពី​ចាស់​បុរាណ) ។
23អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតា‌អ៊ីម និង​ភូមិ​កេដេ‌រ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្ដេច។
កុល‌សម្ព័ន្ធ​ស៊ីម្មាន
24រីឯ​កូន​របស់​លោក​ស៊ីម្មាន មាន នេមូល យ៉ាមីន យ៉ាគិន សេ‌រ៉ាស និង​សូល។ 25កូន​ចៅ​របស់​លោក​សូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: សាលូម មីប‌សាម មីសម៉ា 26ហាមូ‌អែល សាគើរ និង​ស៊ីម៉ាយ។ 27លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បងប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម្មាន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជ‌ពង្ស​របស់​លោក​យូដា​ឡើយ។ 28 អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរ‌សេបា ម៉ូឡា‌ដា ហាសា-‌ស៊ូអាល 29ប៊ីល‌ហា អេសែម ថូឡាឌ 30បេ‌ធូល ហោ‌ម៉ា ស៊ីក‌ឡាក់ 31បេត-‌ម៉ារ‌កាបូត ហាសារ-‌ស៊ូសា បេត-‌ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ។ 32ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន 33ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​ពួក​គេ។
34មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មសូ‌បាប់ លោក​យ៉ាម‌លេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ា‌ស៊ា 35លោក​យ៉ូ‌អែល លោក​យេហ៊ូវ ជា​កូន​របស់​លោក​យ៉ូស៊ីមយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅ‌ទួត​របស់​លោក​អស៊ីអែល 36លោក​អេលី‌យ៉ូណៃ លោក​យាកូបា លោក​យេសូហាយ៉ា លោក​អសាយ៉ា លោក​អឌីអែល លោក​យេស៊ីមាល លោក​បេណាយ៉ា 37លោក​ស៊ីសា ជា​កូន​របស់​លោក​ស៊ីភី ជា​ចៅ​របស់​លោក​អឡូន ជា​ចៅ‌ទួត​របស់​លោក​យេដា‌យ៉ា ជា​ចៅ‌លួត​របស់​លោក​ស៊ីមរី និង​ជា​ចៅ​លា​របស់​លោក​សេម៉ាយ៉ា។ 38ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។ 39ដូច្នេះ ពួក​គេ​តាំង​ទី​លំ‌នៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេដោរ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ។ 40ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជ‌ពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។ 41នៅ​រជ្ជ‌កាល​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជម្រក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជា‌ជន​ឲ្យ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំ‌នៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ពួក​គេ។ 42មាន​កូន​ចៅ​របស់​លោក​ស៊ីម្មាន​ប្រមាណ​ប្រាំ​រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡា‌ធា លោក​នារី‌យ៉ា លោក​រេផា‌យ៉ា និង​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹក​នាំ។ 43ពួក​គេ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ដែល​នៅ​សេស‌សល់ រួច​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល