២ សាំយូអែល 3

3
1គ្រា​នោះ មាន​កើត​ចម្បាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។
បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ប្រសូត​នៅ​ក្រុង​ហេប្រូន
2បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ច្រើន​អង្គ​បាន​ប្រសូត​នៅ​ក្រុង​ហេប្រូន គឺ​បុត្រ​ច្បង ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល 3បុត្រ​ទី​ពីរ ព្រះ‌នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើមែល បុត្រ​ទី​បី ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេសួ‌រី 4បុត្រ​ទី​បួន ព្រះ‌នាម​អដូនី‌យ៉ា ប្រសូត​ពី​នាង​ហាគីត បុត្រ​ទី​ប្រាំ ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល 5បុត្រ​ទី​ប្រាំ​មួយ ព្រះ‌នាម​យីតរាម ប្រសូត​ពី​នាង​អេកឡា ដែល​ជា​មហេសី​របស់​ស្ដេច​ដែរ។ នេះ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន។
លោក​អប៊ី‌នើរ​មាន​ទំនាស់​ជា​មួយ​ព្រះ‌បាទ​អ៊ីស‌បូសែត
6នៅ​គ្រា​មាន​ចម្បាំង​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ព្រះ‌បាទ​សូល។ 7ព្រះ‌បាទ​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​បិតា​យើង?»។ 8កាល​ឮ​ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សម្តែង​ភក្ដី‌ភាព​ចំពោះ​រាជ‌វង្ស​ព្រះ‌បាទ​សូល ដែល​ជា​បិតា​របស់​ព្រះ‌ករុណា​ចំពោះ​បងប្អូន និង​មិត្ត‌ភក្ដិ​របស់​ព្រះ‌ករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះ‌ករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។ 9 ដូច្នេះ ប្រសិន​បើ​ទូលបង្គំ​មិន​ផ្ទេរ​រាជ​សម្បត្តិ​នេះ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ទេ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​ធ្ងន់​ចុះ! 10ដ្បិត​ព្រះ‌អម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ​សម្បត្តិ​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ហើយ​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល និង​យូដា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា» ។ 11ព្រះ‌បាទ​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​ទ្រង់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។
លោក​អប៊ី‌នើរ​ចុះ​ចូល​ជា​មួយ​ព្រះ‌បាទ​ដាវីឌ
12លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ទូល​ថា៖ «តើ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ទូលបង្គំ​មក នោះ​ទូលបង្គំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា»។ 13ព្រះ‌បាទ​ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។ 14 បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល​ថា៖ «សូម​ប្រគល់​ព្រះ‌នាង​មិកាល់ ជា​មហេសី​របស់​ទូលបង្គំ មក​ឲ្យ​ទូលបង្គំ​វិញ គឺ​មហេសី​ដែល​ទូលបង្គំ​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន ចំនួន​មួយ​រយ​ជូន​ជា​បណ្ណា‌ការ» ។ 15ព្រះ‌បាទ​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​ព្រះ‌នាង​មិកាល់​ពី​ផ្ទះ​ប្ដី​របស់​ព្រះ‌នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។ 16លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។
17លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច តាំង​ពី​យូរ​ណាស់​មក​ហើយ។ 18ឥឡូវ​នេះ សូម​យាង​ស្ដេច​មក​គ្រង​រាជ្យ​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បាទ​ដាវីឌ​ថា “យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ តាម​រយៈ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង”»។ 19លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្ដី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល។ 20លោក​អប៊ី‌នើរ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ព្រះ‌បាទ​ដាវីឌ​បាន​រៀបចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។ 21លោក​អប៊ី‌នើរ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ជា​អម្ចាស់។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌ករុណា ហើយ​ពេល​នោះ ព្រះ‌ករុណា​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​ដាវីឌ​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។
លោក​យ៉ូអាប់​ធ្វើ​ឃាត​លោក​អប៊ី‌នើរ
22បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេប្រូន​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ទេ ដ្បិត​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។ 23កាល​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​មក​ដល់ មាន​គេ​ជម្រាប​លោក​ថា៖ «លោក​អប៊ី‌នើរ ជា​កូន​របស់​នើរ បាន​ចូល​មក​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត»។ 24លោក​យ៉ូអាប់​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ? អប៊ី‌នើរ​ចូល​មក​គាល់​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ ដោយ​ស្រួល។ 25ព្រះ‌ករុណា​ស្គាល់​អប៊ី‌នើរ ដែល​ជា​កូន​របស់​លោក​នើរ​ស្រាប់​ហើយ! គឺ​គេ​មក​នេះ ដើម្បី​បោក​បញ្ឆោត​ព្រះ‌ករុណា ដើម្បី​ស៊ើប‌ការណ៍​អំពី​ក្បួន​យុទ្ធ‌សាស្ត្រ​របស់​ព្រះ‌ករុណា និង​ដឹង​អំពី​គ្រប់​កិច្ចការ​ដែល​ព្រះ‌ករុណា​កំពុង​ធ្វើ»។ 26លោក​យ៉ូអាប់​ចាក​ចេញ​ពី​ស្ដេច ហើយ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​តាម​លោក​អប៊ី‌នើរ។ ពួក​គេ​ហៅ​លោក​អប៊ី‌នើរ​ពី​អណ្ដូង​ទឹក​ស៊ីរ៉ា​មក​វិញ។ ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ជ្រាប​ពី​រឿង​នេះ​ទេ។ 27កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់ ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។
28ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​ជ្រាប​អំពី​រឿង​នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ខ្ញុំ និង​រាជ្យ​របស់​ខ្ញុំ ឥត​មាន​ពាក់‌ព័ន្ធ​នឹង​រឿង​ឃាត‌កម្ម​លើ​រូប​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។ 29សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។ 30លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​លោក ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។
31ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់ រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ព្រះ‌បាទ​ដាវីឌ​យាង​តាម​ក្រោយ​មឈូស។ 32គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេប្រូន។ ព្រះ‌រាជា​ទ្រង់​ព្រះ‌កន្សែង ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។ 33បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​លើក​ទំនុក​មួយ​រំឭក​ពី​លោក​អប៊ី‌នើរ ដូច​ត​ទៅ៖
«អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់
ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!
34ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង
ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ
តែ​លោក​បាន​ដួល​ស្លាប់
ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។
ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្ដាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។ 35បន្ទាប់​មក ពួក​គេ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​ថ្វាយ​ព្រះ‌ស្ងោយ​ទាន់​មេឃ​នៅ​ភ្លឺ ប៉ុន្តែ ព្រះ‌រាជា​សច្ចា​ថា៖ «ប្រសិន​បើ​យើង​បរិភោគ​នំប៉័ង ឬ​អ្វី​ក៏​ដោយ មុន​ពេល​ថ្ងៃ​លិច សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​ចុះ!»។ 36ឃើញ​ដូច្នេះ ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ព្រះ‌រាជា​បាន​ធ្វើ​ដែរ។ 37នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា ព្រះ‌រាជា​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។ 38ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រា‌អែល​បាត់​បង់​វរ‌ជន​មួយ​រូប ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់! 39ទោះ​បី​ព្រះ‌ជាម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ​ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល