អេម៉ុស 1:3-15

អេម៉ុស 1:3-15 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំង របស់​ស្ដេច​ហាសែល ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់ ស្ដេច​បេនហា‌ដាដ​ទៀត​ផង។ យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពី ជ្រលង​ភ្នំ«ទុច្ចរិត» ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ» ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ កំពែង​ក្រុង​កាសា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​នោះ​ផង។ យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាស‌ដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កា‌ឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលីស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ត្រូវ​វិនាស» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កម្ទេច ប្រាសាទ​របស់​ក្រុង​នោះ​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បងប្អូន​របស់​ខ្លួន ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​បូសរ៉ា​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។ ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចម្បាំង មាន​សម្រែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។ ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។