អេម៉ុស 3:1-6

អេម៉ុស 3:1-6 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។ បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា ជា​មុន​សិន​ទេ តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត? បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន? បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន? បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើ​ព្រះ‌អម្ចាស់​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?