អេម៉ុស 3:1-6
អេម៉ុស 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ បើមនុស្សពីរនាក់មិនព្រមព្រៀងជួបគ្នា តើគេដើរជាមួយគ្នាបានឬ? តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ? កាលបើគ្មាននុយបញ្ឆោត តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ? បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ? តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
អេម៉ុស 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។ បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត? បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន? បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
អេម៉ុស 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នេះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ ឯសិង្ហ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ