អេម៉ុស 4:1-5

អេម៉ុស 4:1-5 គខប

ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត សង្កត់‌សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា ដូច​ដោត​ត្រី។ អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ចូរ​ទៅ​បេត‌អែល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ! ចូរ​ទៅ​គីលកាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ! ចូរ​ធ្វើ​ពិធី​យញ្ញ‌បូជា​នៅ​ពេល​ព្រឹក! ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី! កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ធ្វើ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។