អេម៉ុស 4:1-5

អេម៉ុស 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ អ្នក​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ជាន់​ឈ្លី​មនុស្ស​កម្សត់​ទុគ៌ត ក៏​ពោល​ទៅ​ចៅ​ហ្វាយ​របស់​ខ្លួន​ថា "យក​មក៍ ឲ្យ​យើង​បាន​ផឹក​ជា‌មួយ​គ្នា!" ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​ស្បថ ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ថា មើល៍ គ្រា​នោះ​នឹង​ធ្លាក់​លើ​អ្នក​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​អូស​អ្នក​រាល់​គ្នា ចេញ​ទៅ​ដោយ​តម្ពក់ ហើយ​អូស​អ្នក​ចុង​ក្រោយ របស់​អ្នក​រាល់​គ្នា​ដោយ​ផ្លែ​សន្ទូច។ អ្នក​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ម្នាក់ៗ​ត្រង់​ទៅ​មុខ​រៀង​ខ្លួន ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​គេ​បោះ​ទៅ​ក្នុង​ហាម៉ូន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ចូរ​មក​ឯ​បេត-អែល ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ទៅ ចូរ​មក​ឯ​គីល‌កាល ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ឲ្យ​ច្រើន​ទៅ! ចូរ​យក​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា​រាល់​ព្រឹក​មក ហើយ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ រាល់​បី​ថ្ងៃ​ម្ដង​មក​ផង ចូរ​ថ្វាយ​យញ្ញ​បូជា​នៃ​ការ​អរ​ព្រះ​គុណ​ដែល​មាន​ដំបែ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់ ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្តទៅ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 4

អេម៉ុស 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត សង្កត់‌សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា ដូច​ដោត​ត្រី។ អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ចូរ​ទៅ​បេត‌អែល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ! ចូរ​ទៅ​គីលកាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ! ចូរ​ធ្វើ​ពិធី​យញ្ញ‌បូជា​នៅ​ពេល​ព្រឹក! ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី! កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ធ្វើ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេម៉ុស 4

អេម៉ុស 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ ឯង​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី កំពុង​សង្កត់‌សង្កិន​ពួក​ក្រីក្រ ហើយ​ជាន់​ឈ្លី​ពួក​កំសត់​ទុគ៌ត ឯង​និយាយ​ដល់​ចៅហ្វាយ​របស់​ខ្លួន​ថា ចូរ​នាំ​យក​មក​ឲ្យ​យើង​បាន​ផឹក​ជា​មួយ​គ្នា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់​ថា ចាំ​មើល​ចុះ នឹង​មាន​គ្រា​មក​លើ​ឯង​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​ដឹក​អូស​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ ដោយ‌សារ​ទំពក់ នឹង​សំណល់​នៃ​ឯង​រាល់​គ្នា​ដោយ​សន្ទូច នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​មក​ឯ​បេត-អែល​ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ចុះ ក៏​មក​ឯ​គីលកាល​ដែរ ហើយ​ចំរើន​អំពើ​រំលង​ជា​ច្រើន​ឡើង ចូរ​នាំ​យក​យញ្ញ‌បូជា​របស់​ឯង​មក​រាល់​តែ​ព្រឹក ហើយ​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​ឯង​រាល់​តែ​៣​ថ្ងៃ ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់ ឲ្យ​បាន​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 4