អេម៉ុស 5:4-12

អេម៉ុស 5:4-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរ‌សេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេត‌អែល​ដែល​ជា​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។ កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិស‌ពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។ ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ ចំពោះ​អ្នក​ខ្លាំង​ពូកែ ហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។ ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។ អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត ហើយ​រឹប​អូស​យក​ស្រូវ​របស់​គេ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹង មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃ ដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹក ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។ «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ជា​ច្រើន ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់‌ធ្ងរ​ដែរ អ្នក​រាល់​គ្នា​សង្កត់‌សង្កិន​មនុស្ស​សុចរិត អ្នក​រាល់​គ្នា​ទទួល​សំណូក ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ទេ។