អេម៉ុស 5:4-12
អេម៉ុស 5:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ ពូជពង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងរស់នៅ កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។ ម្នាលអ្នករាល់គ្នាដែលបង្វែរយុត្តិធម៌ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះទៅដីអើយ! ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់ មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ដល់ម៉្លេះបានជាបន្ទាយទាំងឡាយក៏ត្រូវវិនាសដែរ។ គេស្អប់អ្នកដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយគេខ្ពើមអ្នកដែលនិយាយសេចក្ដីពិត។ ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។ ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
អេម៉ុស 5:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ កូនចៅអ៊ីស្រាអែលថា៖ «ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងមានជីវិត។ កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់ នឹងក្លាយទៅដំណាក់ទុច្ចរិត»។ កូនចៅលោកយ៉ូសែបអើយ ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។ អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។ ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។ ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។ អ្នករាល់គ្នាជិះជាន់ជនទុគ៌ត ហើយរឹបអូសយកស្រូវរបស់គេ ហេតុនេះហើយបានជាអ្នករាល់គ្នានឹង មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ ដែលអ្នករាល់គ្នាបានសង់នោះទេ។ អ្នករាល់គ្នាក៏ពុំអាចផឹក ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។ «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
អេម៉ុស 5:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលដល់ពួកវង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កាត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ ម្នាលឯងរាល់គ្នាដែលបំផ្លាស់បំប្រែសេចក្ដីយុត្តិធម៌ ឲ្យទៅជាស្លែង ហើយបោះសេចក្ដីសុចរិតចុះដល់ដី ចូរស្វែងរកព្រះដែលទ្រង់បានបង្កើតផ្កាយកូនមាន់ នឹងផ្កាយនាយព្រាន ក៏ធ្វើឲ្យម្លប់នៃសេចក្ដីស្លាប់ប្រែទៅជាព្រលឹមស្រាង ហើយឲ្យថ្ងៃត្រឡប់ទៅជាយប់វិញ ព្រមទាំងហៅទឹកសមុទ្រមក រួចចាក់ទៅលើផែនដី ព្រះនាមទ្រង់ គឺព្រះយេហូវ៉ា ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។ គេរមែងស្អប់អ្នក ដែលបន្ទោសនៅត្រង់ទ្វារក្រុង ហើយក៏តែងតែខ្ពើមអ្នក ដែលពោលសេចក្ដីទៀងត្រង់ផង ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញីពួកក្រ ហើយរឹបយកស្រូវពីគេ បានជាឯងរាល់គ្នានឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុងផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ ដ្បិតអញដឹងហើយថា អំពើរំលងរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាក៏មានទំងន់ពេកផង គឺឯងរាល់គ្នាហើយ ជាពួកអ្នកដែលបៀតបៀនមនុស្សសុចរិត ហើយស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់