អេម៉ុស 8
8
និមិត្តហេតុអស្ចារ្យអំពីកំប្រោងផ្លែឈើ
1 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:
ខ្ញុំឃើញកំប្រោងមួយ
មានពេញដោយផ្លែឈើទុំ។
2ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
«អេម៉ុសអើយ តើអ្នកឃើញអ្វី?»
ខ្ញុំទូលព្រះអង្គថា៖ «ទូលបង្គំឃើញកំប្រោង
មួយ មានពេញដោយផ្លែឈើទុំ»
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«ចុងបញ្ចប់របស់អ៊ីស្រាអែល
ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ
យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
3នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួស
ចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។
មានសាកសពពាសពេញ
ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
4អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ
ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស
ចូរស្ដាប់ពាក្យខ្ញុំ!
5អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី
និងថ្ងៃសប្ប័ទ*ឆាប់ចប់
ដើម្បីបើកជង្រុកលក់ស្រូវ
ដោយយកតៅតូចជាងធម្មតាមកវាល់
ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ
ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
6អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត
យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។
សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
7 ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ដោយយកទឹកដី ដែលជាមោទនភាព
របស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា:
យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ
ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
8ហេតុនេះហើយបានជាមានរញ្ជួយផែនដី
អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។
ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
9នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច
នៅពេលថ្ងៃត្រង់
ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ
របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ
ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា
ក្លាយទៅជាបទទំនួញ។
យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ
ព្រមទាំងកោរសក់ផង។
យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ
ដូចគេកាន់ទុក្ខកូនតែមួយ
ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
11 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ
ការអត់ឃ្លានកើតនៅក្នុងស្រុក
តែមិនមែនការអត់ឃ្លានខាងអាហារ
ឬការស្រេកទឹកនោះទេ
ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់
ព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ពួកគេនឹងដើរចុះឡើង
ពីសមុទ្រមួយទៅសមុទ្រមួយ
ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត
ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់
តែរកមិនឃើញឡើយ។
13នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ
នឹងអស់កម្លាំងដួល ដោយស្រេកទឹក។
14អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ
នៅក្រុងសាម៉ារីថា:
“ខ្ញុំសូមស្បថ ដោយយកព្រះជន្ម
របស់ព្រះនៅក្រុងដាន់ជាសាក្សី”
“ខ្ញុំសូមស្បថ ដោយយក
ព្រះនៅបៀរសេបាជាសាក្សី”
អ្នកនោះមុខជាដួលស្លាប់
ក្រោកឡើងវិញមិនរួចឡើយ។»
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.